សិល្បៈ​ជាតិ​៖​ បញ្ហា​ការ​ស្លៀកពាក់​របស់​លោក​ ឯម រាម​ នៅ​ក្នុង​កម្មវិធី​ PMA 2023​ នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​ បន្ត​អូស​បន្លាយ​ពេល​ដល់​ថ្ងៃទី​ 22 ​ខែមីនា​ ឆ្នាំ ​២០២៣​ នេះ​ ដោយ​ក្នុង​នោះ​មហាជន​ និង​តារាសិល្បៈ​ចូល​រួម​បញ្ចេញមតិ​បន្តបន្ទាប់​បង្ហាញ​ពី​ជំហរ​គាំទ្រ​ និង​រិះគន់​។​

ស្រាប់​តែ​ថ្មី​ៗ​នេះ​ លោក​ ឯម​ រាម​ បាន​ចេញ​មក​បង្ហោះ​សារ​ក្ដៅ​ចិត្ត​ជា​លើក​ទី​មួយ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បន្ទាប់​ពី​សំងំ​មិន​តបត​ចាប់​តាំង​ផ្ដើម​ផ្ទុះ​ការ​រិះគន់​ដំបូង​មក​ម្ល៉េះ​។​ លោក​ ឯម​ រាម​ បង្ហោះ​វីដេអូ​ខ្លី​បង្ហាញ​ពី​សកម្មភាព​របស់​ អាចារ្យធំ​ ដែល​បាន​ប្រើ​សម្ដី​ជេរ​ប្រមាថ​ចំពោះ​គាំទ្រ​ និង​ការពារ​លោក​។ ក្នុងនោះ​ លោក​ ឯម​ រាម​ ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ​ អាចារ្យធំ​ ផង​ដែរ​។

លោក ឯម​ រាម​ បាន​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា​ ៖ «ខ្ញុំ​នៅ​តែ​ឆ្ងល់​ហេតុអ្វី​តាម​ព្យាបាទ​អ្នក​ដែរ​គាំទ្រ​ និង​ការពារ​ខ្ញុំ​ នេះ​សបញ្ជាក់​ថា​មិនមែន​រិះគន់​ក្នុង​នៃ​ស្ថាបនា​ទេ​ គឺ​ក្នុង​ន័យ​គុំគួន​ និង​ញុះញង់​ ថា​មិន​ត្រូវ​ខ្ញុំ​អាច​បាក់​ទឹក​ចិត្ត​ ហើយ​គិត​ខ្លី​ ព្រោះ​ការ​អត់ធ្មត់​ និង​ភាព​រឹងមាំ​របស់​ខ្ញុំ​គឺ​មាន​កំរិត​ ថា​មិន​ត្រូវ​ខ្ញុំ​អាច​គិត​ខ្លី​ហើយ​សូម​ផ្តាំ​បង​ប្អូន​ថា​ បើ​ខ្ញុំ​យ៉ាងណា​គឺ​ពួក​គាត់​នេះ​ហើយ​ និង​សូម​ឱ្យ​មាន​ច្បាប់​ ចំពោះ​អ្នក​ដែល​រិះគន់​តាម​អារម្មណ៍​ ដោយ​គ្មាន​ការ​សិក្សា​ពិចារណា​…​»។

សូម​ជម្រាប​ថា​ ឯកឧត្តម​ ជុំ​ កុសល​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ បាន​បញ្ចេញ​មតិ​គាំទ្រ​បែប​នេះ​ថា​ ៖ «​បើ​តាម​ខ្ញុំ​ធ្លាប់​ស្តាប់​ គាត់​ផ្តល់​កិច្ច​សម្ភាសន៍​កន្លង​មក​ គាត់​គឺ​ជា​អ្នករៀន​ជំនាញ​ច្នៃម៉ូត​បែប​ស្រមើស្រមៃ​មក​ពី​ប្រទេស​បារាំង​។​ ការ​ច្នៃ​បែប​ស្រមើស្រមៃ​នេះ​ គឺ​ច្នៃ​តាម​អារម្មណ៍​ស្រមើស្រមៃ​របស់​ខ្លួន​ដោយ​មិន​ចម្លង​ពី​គេ​។​ ឃើញ​គាត់​ស្លៀកពាក់​បែប​នេះ​ ខ្ញុំ​ឃើញ​បងប្អូន​យើង​មួយ​ចំនួន​នាំ​គ្នា​ស្តី​ជេរ​គាត់​ តែ​ធាតុ​ពិត​គាត់​ធ្វើ​បែប​នេះ​គឺ​ជា​ការ​បង្ហាញ​ជំនាញ​របស់​គាត់​ ដែល​នៅ​កម្ពុជា​យើង​គ្មាន​នរណា​អាច​ធ្វើ​បាន​ដូច​គាត់​ទេ​។ ​សូម​ឈ្វេងយល់​ឱ្យ​ច្បាស់​អំពី​សិល្បៈ​វប្បធម៌​ និង​ការ​ច្នៃ​ម៉ូត​បែប​ស្រមើស្រមៃ​។​ នៅ​អឺរ៉ុប​គេ​ស្លៀក​ប្លែក​ជាង​នេះ​ខ្លាំង​ណាស់​។ ខ្ញុំ​សូម​អធ្យាស្រ័យ​ មិន​ការពារ​គាត់​ទេ​ គ្រាន់​តែ​សុំ​ឱ្យ​បងប្អូន​សិក្សា​ឈ្វេងយល់​និង​បែងចែក​ឱ្យ​ច្បាស់​មុន​នឹង​ប្រតិកម្ម​»​។

តារា​ចម្រៀង​ អ៊ាម​ វន្នី​ បាន​បញ្ចេញ​មតិ​គាំទ្រ​ថា​៖​ «បង​ប្រុស​ធ្វើ​ល្អ​បាន​ច្រើន​ហើយ​ តែ​ការ​ខុស​ឆ្គង​គង់​គេច​មិន​ផុត​ឡើយ​ ព្រោះ​យើង​ធ្វើ​ឱ្យ​មហាជន​មើល​។ រូប​ប្រុស​បី​នាក់​ខាង​ស្តាំ​ គេ​បញ្ចេញ​ដើមទ្រូង​ដោយ​ភាព​អង់​អាច​ជា​បុរស​ មើល​ទៅ​មិន​ទាស់​ភ្នែក​ទេ​ តែ​បង​ខុស​ប្លែក​​ពី​គេ​ ដោយ​បង្ហាញ​ដើម​ទ្រូង​ តែ​ប្រលែង​ខោ​ ពាក់​ស្រោម​បា​ និង​ ស្រោម​ជើង​បែប​មនុស្ស​ស្រី​ ទើប​មើល​ទៅ​មហាជន​ទាស់​ភ្នែក​ ព្រោះ​បើ​ខាង​ក្រោម​បែប​ទំនោរ​ស្ទីល​មនុស្ស​ស្រី​ ខាង​លើ​មិន​គួរ​បង្ហាញ​ទ្រូង​ទេ​ នេះ​ជា​មូលហេតុ​នៃ​បញ្ហា​។ សង្ឃឹម​ថា​ការ​រិះគន់​ទាំងឡាយ​ដើម្បី​ការ​ស្ថាបនា​ គឺ​មិនមែន​ជាន់​ពន្លិច​ក្នុង​នាម​ប្រជាជន​ខ្មែរ​តែ​មួយ​ដូច​គ្នា​»​។​

តារាចម្រៀង ម៉ា​ ច័ន្ទបញ្ញា បាន​បញ្ចេញ​មតិ​គាំទ្រ​បែប​នេះ​ ៖«សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​យល់​ថា​ បង​ ឯម​​ រៀម​​ មិន​បាន​ធ្វើ​អី​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​ទេ​។​ គាត់​មិន​បាន​ធ្វើ​អោយ​នរណា​ម្នាក់​ស្អប់​ខ្មែរ​ទេ​ គឺ​មាន​តែ ​អ្នក​ដែល​តែងតែ​ស្អប់​ស្រាប់​។​ គាត់​បង្កើត​ថ្មី​ ដោយ​ឥទ្ធិពល​នៃ​គំនិត​ចាស់​របស់​ខ្មែរ​ពី​ដើម​ (Inspired​ by​ Khmer​ ancient​) ពុំបាន​ ប្រើប្រាស់​ការ​កែច្នៃ​ពី​ប្រទេស​ជិត​ខាង​ហើយ​ ហៅថា​ ជា​របស់​ខ្មែរ​ផង​។​ ភ្ញាក់​ឡើង​អ្វី​ដែល​គួរ​អោយ​ខ្លាច​​ និង​ប៉ះពាល់​ពិត​ប្រាកដ​ មិនមែន​ការ​តុបតែង​ខ្លួន​របស់​គាត់​ទេ​ គឺ​ អ្វី​ដែល​គ្រប់គ្នា​យល់​ច្រឡំ​ថា​ជា​របស់​ខ្លួន​ហើយ​ប្រឹង​ផ្សព្វផ្សាយ​នេះ​ឯង​។​ បងរាម​ តស៊ូ​បង​! សិល្បៈ​គឺ​ជា​ធម្មជាតិ​របស់​មនុស្ស​ មិនមែន​ជា​កំហុស​របស់​នរណា​ម្នាក់​ទេ​។ បង​ជា​សិល្បករ​គឺ​តែងតែ​ត្រូវ​ការ​ការ​យល់​ស្រប​ពី​មហាជន​ តែ​ពុំ​បាន​ន័យ​ថា​បង​ខុស​ទេ​។​ បង​មិនមែន​ជា​សិប្បករ​ដែល​ អ្នក​ទិញ​កុម្ម៉ង​បង​ អោយ​កែ​នោះ​ទេ​ តែ​បង​ជា​អ្នក​ធ្វើ​ដែល​ មហាជន​ និង​អ្នកគាំទ្រ​ជា​អ្នក​ពិចារណា​»​។​

ក្រៅ​ពី​នោះ​ ក៏​មាន​តារា​សិល្បៈ​មួយ​ចំនួន​បាន​បង្ហាញ​មតិ​គាំទ្រ​ចំពោះ​ជំនាញ​ច្នៃម៉ូដ​របស់​លោក​ ឯម រាម​ ផង​ដែរ​។​ ចុះ​អ្នក​វិញ​ យល់​យ៉ាង​ណា​ចំពោះ​បញ្ហា​នេះ​?​

Share.