នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Varaman (វរ្ម័ន) បានប្រកាសថាក្រុមជម្រើសជាតិកម្ពុជាទាំងក្រុមបាល់ទាត់បុរស និងនារី នឹងប្រើឯកសណ្ឋានផលិតដោយ Varaman (វរ្ម័ន) សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នេះបើយោងតាមហេតុផលដូចខាងក្រោម៖
១. សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានកិច្ចព្រមព្រៀងជាមួយ Varaman (វរ្ម័ន) ចាប់ផ្តើមជាផ្លូវការពីខែមិថុនាឆ្នាំ២០២២ រហូតដល់ខែមិថុនាឆ្នាំ២០២៦ ថាសម្រាប់ការឧបត្ថម្ភគ្រប់ឯកសណ្ឋានការប្រកួតការហ្វឹកហាត់
និងការធ្វើដំណើរដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវការ។

ក្រុមជម្រើសជាតិកម្ពុជាគ្រប់កម្រិតនឹងប្រើប្រាស់ឯកសណ្ឋានផលិតដោយ Varaman (វរ្ម័ន) ក្នុងការប្រកួតការហ្វឹកហាត់ និងការធ្វើដំណើរទាំងអស់ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានក្នុងអំឡុងពេលនៃកិច្ចសន្យា (ភាគីដែលបំពានកិច្ចព្រមព្រៀងនឹងប្រឈមមុខការពិន័យលើការបំពានកិច្ចសន្យា) ។

២. យោងតាមឯកសាររូបភាពខាងក្រោមនេះ ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ទាំង៤លើកកន្លងមកប្រើឯកសណ្ឋាននៃម៉ាក Brand ដែលឧបត្ថម្ភក្រុមជម្រើសជាតិរបស់ពួកគេ។

ប្រទេសម្ចាស់ផ្ទះស៊ីហ្គេម ទាំង៤លើកកន្លងមកមានអ្នកឧបត្ថម្ភសំលៀកបំពាក់សម្រាប់ព្រឹត្តិការណ៍ផ្សេងគ្នាពីអ្នកឧបត្ថម្ភសំលៀកបំពាក់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេដែលមានដូចជា​៖
-SEA Games លើកទី ២៨ នៅ ឆ្នាំ២០១៥
ម្ចាស់ផ្ទះ: សិង្ហបុរី
អ្នកឧបត្ថម្ភសម្លៀកបំពាក់ព្រឹត្តិការណ៍: FBT
ម៉ាកដែលក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីពាក់: Nike
-SEA Games លើកទី ២៩ នៅ ឆ្នាំ២០១៧
ម្ចាស់ផ្ទះ: ម៉ាឡេស៊ី
អ្នកឧបត្ថម្ភសម្លៀកបំពាក់ព្រឹត្តិការណ៍: FBT
ម៉ាកដែលក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីពាក់: Nike
-SEA Games លើកទី ៣០ នៅ ឆ្នាំ២០១៩
ម្ចាស់ផ្ទះ: ហ្វីលីពីន
អ្នកឧបត្ថម្ភសម្លៀកបំពាក់ព្រឹត្តិការណ៍: FBT
ម៉ាកដែលក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនពាក់: LGR
-SEA Games លើកទី ៣១ នៅ ឆ្នាំ២០២២
ម្ចាស់ផ្ទះ: វៀតណាម
អ្នកឧបត្ថម្ភសម្លៀកបំពាក់ព្រឹត្តិការណ៍: JGBL
ម៉ាកដែលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមពាក់: Grand Sport

VARAMAN (វរ្ម័ន) គឺជាម៉ាកក្នុងស្រុកថ្មី បង្កើតឡើងជាមួយគោលបំណង ចង់ឱ្យក្រុមជម្រើសជាតិកម្ពុជាប្រើប្រាស់ឯកសណ្ឋានដែលរចនា​ និងផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាផលិតផលដែលផលិតដោយដៃបងប្អូនខ្មែរយើងផ្ទាល់​ ដើម្បីប្រើប្រាស់ក្នុងពេលប្រកួតប្រជែងលើឆាកអន្តរជាតិ។​

ម៉ាក VARAMAN (វរ្ម័ន) គឺបានបំផុសគំនិតចេញពីព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលគួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ។ ពាក្យនេះក៏ជាពាក្យសំស្ក្រឹតមួយ ដែលមាន​ន័យថាអាវក្រោះ ដែលអត្ថន័យនេះ ប្រៀបបានទៅនឹងឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជាយើងជាអាវក្រោះការពារ ក្នុងពេលប្រកួតជាមួយអន្តរជាតិ៕

Share.