ខ្សែ​ប្រយុទ្ធ Ayo Akinola វ័យ​២១​ឆ្នាំ ដែល​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​​អាមេរិក តាំង​ពី​ឈុត​យុវជន​​ក្រោម​អាយុ​១៥​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៥ ​រហូត​ដល់​​​តំឡើង​ឱ្យ​ចូល​លេង​ក្នុង​ឈុត​ធំ​ឆ្នាំ​២០២០ កន្លង​មក​នេះ បាន​សម្រេច​ជ្រើសរើស​យក​សញ្ជាតិ​​កាណាដា វិញ។

បើ​តាម​ការ​ចេញ​ផ្សាយ​របស់​វិបសាយ​លីគ​កំពូល​អាមេរិក mlssoccer.com លើក​ឡើង​ថា​កីឡាករ​​ដែល​កំពុង​​ប្រកប​អាជីព​នៅ​ក្លិប Toronto FC របស់​កាណដា សមាជិក​លីគ​កំពូល​​អាមេរិក Major League Soccer រូប​នេះ​ធ្លាប់​​មាន​ឈ្មោះ​លេង​​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា និង​អាមេរិក មុន​ជ្រើសរើស​យក​​កាណាដា។

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA បាន​យល់​ព្រម​ការ​ប្តូរ​សញ្ជាតិ​របស់​ Ayo Akinola លើក​ទី១​ ដោយ​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាមេរិក ពី​ថ្នាក់​យុវជន​និង​តំឡើង​ចូល​ឈុត​ធំ​កាល​ពី​ឆ្នាំ​មុន។ រូប​គេ​ត្រូវ​បាន​អញ្ជើញ​ទៅ​ប្រទេស​កាណាដា អំឡុង​ពេល​ដែល​ក្រុម​ខ្លួន​បោះ​ជុំរុំ​ហ្វឹកហាត់​​នៅ​ឆ្នាំ​នេះ​ ហើយរូប​គេ​បាន​​សម្រេច​ចិត្ត​នៅ​ខែ​មិថុនា កន្លង​ទៅ​ក្រោយ​​វគ្គ​ជម្រុះ​​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar បើក​ទ្វា​បន្ថែម​កីឡាករ។

«ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​មែន​ទែន ដែល​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កាណាដា ក្នុង​កម្រិត​អន្តរជាតិ។ កាណាដា ជា​ផ្ទះ​របស់​ខ្ញុំ​ស្ទើរ​តែ​មួយ​ជីវិត​របស់​ខ្ញុំ​ទៅ​ហើយ។ ខ្ញុំ​ពិត​រំភើប​ណា​ដែល​បាន​​ទទួល​​សញ្ជាតិ។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ និង​នឹង​ព្យាយាម​ឱ្យ​បាន​ល្អ​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កាណាដា ក្នុង​បេសកកម្ម​ខាង​មុខ»។ ខ្សែ​ប្រយុទ្ធ Ayo Akinola លើក​ឡើង។

កីឡាករ​​រូប​នេះ​កើត​នៅ​ទីក្រុង ​Detroit ព្រំ​ប្រទល់​អាមេរិក-កាណដា ហើយ​បាន​ផ្លាស់​ប្តូរ​ទៅ​នៅ​ទីក្រុង Ontarioប្រទេស​កាណាដា វិញ​ពេល​គេ​មាន​អាយុ​១ខួប​រហូត​ដល់​ធំ​ឡើង​ចូល​ហ្វឹកហាត់​ក្នុង​យុវជន​ថ្នាល​ក្លិបBrampton East និង​បន្ត​ទៅ​​ក្លិប​ Toronto មុន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ​របស់​ក្លិប​​នៅ​ឆ្នាំ​២០១៨។ ឪពុកម្ដាយ​របស់​ Ayo Akinola ជា​ជនជាតិ​នីហ្សេរីយ៉ា ហើយ​រូប​គេ​មាន​ជម្រើស​លេង​ឱ្យ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​មួយ​នេះ។ កាល​ពី​ឆ្នាំ​២០១៩ រូប​គេ​ធ្លាប់​លើក​ឡើង​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​នីហ្សេរីយ៉ា បាន​ទាក់ទង​រូប​គេ​ឱ្យ​ចូលរួម​ក្នុង​ពានរង្វាន់ 2017 FIFA U-17 World Cup។

អត្ថបទពាក់ព័័ន្ធ៖ជម្រុះ World Cup៖កាណាដា,​ប៉ាណាម៉ា និង​អែលសាល់វាឌ័រ ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ​​តំបន់ CONCACAF

ជាមួយ​គ្នា​នេះ​ដែរ​លោក​ John Herdman គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កាណាដា បាន​លើក​ឡើង​ថា៖«ពួក​យើង​បាន​ធ្វើការ​រួម​គ្នា​ក្នុង​រយៈ​ពេល​១៨ខែ​ចុងក្រោយ​ក្នុង​ការ​នាំ​យក Ayo Akinola មក​ក្នុង​ជម្រើស​ជាតិ។ ខ្ញុំ​កំពុង​សង្កេត​មើល​​​គាត់​ក្នុង​ការ​សម្រប​ខ្លួន ជាមួយ​​បរិយាកាស​របស់​ក្រុម​ជម្រើស​ជាតិ​យើង»។

កីឡាករ Ayo Akinola នឹង​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កាណដា ក្នុង​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង CONCACAF Gold Cup ចន្លោះ​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ដល់​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២១ ដោយ​មាន​១៦​ក្រុម​ចូលរួម ហើយ​កាណាដា ស្ថិត​នៅ​ក្នុង​ពូល B ជាមួយ​អាមេរិក, Martinique និង​អ្នក​ឈ្នះ​នៅ​វគ្គ​ជម្រុះ​​១ក្រុម​ទៀត៕

Telegram-Troryorng
Share.