ក្រោយផ្ទុះការចាប់អារម្មណ៍នៅក្នុងចំណោមក្រុមអ្នកគាំទ្រកម្មវិធី Miss Universe Cambodia ចំពោះការសម្រេចចិត្តផ្លាស់ប្ដូរឈុតតំណាងជាតិពីឈុតល្ខោនតុក្កតាខ្មែរទៅជាឈុតទេពរួបរួមទៅប្រកួតតំណាងជាតិលើឆាកអន្តរជាតិ លោកម៉ែន និមលរ័ត្នដែលជាអ្នកគ្រប់គ្រងកម្មវិធីខាងលើបានចេញមកបដិសេធចំពោះមូលហេតុប្ដូរឈុតតំណាងជាតិមិនមែនដោយសារតែមានការរិះគន់នោះទេ។

នៅក្នុងការ Live តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោក ម៉ែន និមលរ័ត្នបានបញ្ជាក់យ៉ាងលម្អិតចំពោះមូលហេតុនៃការសម្រេចចិត្តផ្លាស់ប្ដូរឈុតនេះមិនមែនដោយសារតែមានការរិះគន់នោះទេប៉ុន្តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ធ្វើឱ្យដំណើរការការងារមានភាពរាំងស្ទះម្យ៉ាងទៀតការផ្លាស់ប្ដូរនេះក៏កើតចេញពីការសម្រេចចិត្តនិងស្នើសុំពីម្ចាស់ស្នាដៃច្នៃម៉ូដឈុតតុក្កតានេះដោយផ្ទាល់ដែរ។
អ្នកគ្រប់គ្រងកម្មវិធី Miss Universe កម្ពុជាបាននិយាយដូច្នេះថា៖ «បញ្ហាកូវីដ-១៩ធ្វើឱ្យមានរាំងស្ទះស្ទើគ្រប់ការងារ សូម្បីតែ ឈុតតុក្កតា នៅពេលស្លៀកលើខ្លួន សារីតា នៅមានចំណុចត្រូវកែច្នៃជាច្រើនទៀត ប៉ុន្តែ បូរ៉ា ដែលមានទីលំនៅអចិន្ត្រៃយ៍នៅខេត្តសៀមរាបពិបាកឡើងចុះភ្នំពេញមិនអាចឡើងមកបានផ្ញើមកបានត្រឹមតែឈុត ធ្វើឱ្យមានការលំបាកច្រើនក្នុងការកែច្នៃតម្រូវឱ្យបានទាន់ពេលវេលាដោយសារតែកន្លងមកលោកបូរ៉ាបានខាតពេលវេលាជាប់ចត្តាឡីស័កចំនួន១៤ថ្ងៃដែរ។
មួយវិញទៀតដោយសារតែកាលបរិច្ឆេទកំណត់ ឈុតត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកមុន សារីតា ហើយមានការជំរុញនិងស្នើសុំពីអ្នកច្នៃម៉ូដលោកបូរ៉ាដោយផ្ទាល់ឲ្យយកឈុតទេពរួបរួមមកជំនួសដោយខ្លាចមិនអាចកែឈុតបានទាន់ពេលវេលា ទើបកម្មវិធីសម្រេចចិត្តប្ដូរយកឈុតទេពរួបរួមដែលជាឈុតជាប់ពាន Best National Costume ក្នុងការប្រកួតមកជំនួសវិញ»។ លោក ម៉ែន និមលរ័ត្ន បានពោលបន្តទៀតដោយសង្កត់ធ្ងន់ថា៖ «លោកជឿថាក្នុងនាមជាជនជាតិខ្មែរទាំងលោកទាំងបងប្អូនអ្នកគាំទ្រទាំងអស់ប្រាកដជាមិនចង់ឱ្យប្រទេសជាតិខ្លួនចាញ់បរទេសនោះទេដូច្នេះគ្រប់
យ៉ាងគឺមានការសម្រិតសម្រាំងនិងផ្ចិតផ្ចង់ជាទីបំផុត»។
គួរបញ្ជាក់ថាឈុតល្ខោនតុក្កតារបស់លោក បូរ៉ា នៅពេលដែលកែច្នៃនិងធ្វើបានសម្រេចរួចរាល់ជាស្ថាពរលោក ម៉ែន និមលរ័ត្នអះអាងថានៅតែត្រូវការប្រើប្រាស់ឈុតនេះជាឈុតតំណាងជាតិនៅក្នុងកម្មវិធីប្រកួតណាមួយទៀតដែលសមស្រប៕