កីឡាអត្តពលិក កីឡាមួយប្រភេទក្នុងចំណោម២ប្រភេទដែលទទួលបានសិទ្ធិអនុគ្រោះទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ២០២០ (Tokyo Olympic Games 2020) ខណៈកីឡាករ ប៉ែន សុគង់ នឹងតំណាងឱ្យកម្ពុជា ទៅចូលរួមក្នុងការប្រកួតកម្រិតពិភពលោកមួយនេះ។
លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានពន្យល់ពីសិទ្ធិអនុគ្រោះ (Wild Card) សម្រាប់ការចូលរួមប្រកួតរបស់អត្តពលកម្មកម្ពុជា តាមរយៈផេក Sea Games 2023 ថា៖«យើងបានទៅប្រកួតជម្រុះ នៅទីក្រុងដូហា ប្រទេសអារ៉ាប់រួម កាលពីឆ្នាំ២០១៩ ដោយកំណត់ថិរវេលាមិនបានជាប់ (qualified) ក្នុងវគ្គជម្រុះនោះឡើយ។ ដូច្នេះហើយ អូឡាំពិកអន្តរជាតិ បានអនុញ្ញាតឲ្យកម្ពុជា យើងលេងបានត្រឹមតែ១វិញ្ញាសាប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអត្តពលិកយើង អាចធ្វើបានល្អ ក្នុងការជម្រុះលើកទី១ ក្នុងពេលប្រកួតអូឡាំពិក ឆាប់ៗខាងមុខនេះ មានន័យថា គាត់អាចបន្តលេងនៅក្នុងការប្រកួតពាក់កណ្ដាលផ្តាច់ព្រ័ត្រ ឬផ្ដាច់ព្រ័ត្រ ទៅតាមថិរវេលាដែលគាត់ធ្វើបានល្អ ចំពោះកម្រិតកបច្ចេកទេសរបស់គាត់ ដែលត្រូវបានធ្វើកំណត់ត្រានៅក្នុងលទ្ធផលអត្តពលកម្មពិភពលោក»។
អត្ថបទពាក់ព័ន្ធ៖ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ថ្មីប្ដេជ្ញាចិត្តខ្ពស់ក្រោយទទួលតំណែង
កីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ប៉ែន សុគង់ កំពុងបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមចូលរួមប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នាពេលខាងមុខនេះ។ ចំពោះសិទ្ធផលហ្វឹកហាត់ (Performent) របស់បេក្ខភាពអូឡាំពិករបស់កម្ពុជា រូបនេះ គឺធ្វើបានក្នុងថិរវេលា ១០.៨៧ វិនាទី។
កម្ពុជា បានត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ មានចំនួន២ប្រភេទកីឡា គឺអត្តពលកម្ម ប្រកួតដោយកីឡាករ ប៉ែន សុគង់ និងកីឡាហែលទឹក១វិញ្ញាសាហែលសេរី៥០ម៉ែត្របុរស-នារី។
អត្ថបទពាក់ព័ន្ធ៖អូឡាំពិក៖ប្រទេសអាស៊ាន៦បញ្ជូនអត្តពលិកលើស១០រូប តែ៥ប្រទេសបញ្ជូនទៅក្រោម៣រូប
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលធ្វើនៅរាជធានីតូក្យូ នេះមានការចូលរួមពីកីឡាករកីឡាការិនី ពីប្រទេស/តំបន់ចំនួន២០៦ផ្សេងគ្នា សរុបប្រមាណជា១១,០០០នាក់ លើប្រភេទ៣៣កីឡានិង៣៣៩វិញ្ញាសា។ ការប្រកួតគ្រោងចាប់ធ្វើពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ ការប្រកួតនេះបានលើកពេលពីឆ្នាំ២០២០ កន្លងមកដោយសារការឆ្លងនៃជំងឺកូវីដ-១៩ ជុំវិញពិភពលោក៕