កីឡា​អត្តពលិក កីឡា​មួយ​ប្រភេទ​ក្នុង​ចំណោម​២ប្រភេទ​ដែល​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អូឡាំពិក នៅ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន​ឆ្នាំ២០២០ (Tokyo Olympic Games 2020) ខណៈ​កីឡាករ ប៉ែន សុគង់ នឹង​តំណាង​ឱ្យ​កម្ពុជា ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​កម្រិត​ពិភពលោក​មួយ​នេះ។

លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បាន​ពន្យល់​ពី​សិទ្ធិអនុគ្រោះ (Wild Card) សម្រាប់​ការ​ចូលរួម​ប្រកួត​របស់​អត្តពលកម្ម​កម្ពុជា តាម​រយៈផេក Sea Games 2023 ​ថា៖«យើងបានទៅប្រកួតជម្រុះ នៅ​ទីក្រុង​ដូហា ប្រទេស​អារ៉ាប់រួម កាលពីឆ្នាំ២០១៩ ដោយ​កំណត់​ថិរវេលា​មិន​បាន​ជាប់ (qualified) ក្នុង​វគ្គ​ជម្រុះ​នោះ​ឡើយ។ ដូច្នេះហើយ អូឡាំពិកអន្តរជាតិ បាន​អនុញ្ញាត​ឲ្យ​កម្ពុជា យើង​លេង​បាន​ត្រឹម​តែ​១វិញ្ញាសា​ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអត្តពលិក​យើង អាចធ្វើបានល្អ ក្នុងការជម្រុះលើកទី១​ ក្នុង​ពេល​ប្រកួត​អូឡាំពិក ឆាប់ៗខាងមុខនេះ មានន័យថា ​ គាត់​អាច​បន្តលេង​នៅ​ក្នុង​ការ​ប្រកួត​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ឬ​ផ្ដាច់ព្រ័ត្រ ទៅតាមថិរវេលាដែលគាត់ធ្វើបានល្អ ចំពោះកម្រិតកបច្ចេកទេស​របស់​គាត់​ ដែល​ត្រូវ​បាន​ធ្វើកំណត់ត្រានៅក្នុងលទ្ធផលអត្តពលកម្មពិភពលោក»។

អត្ថបទពាក់ព័ន្ធ៖ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត​ ​​ថ្មីប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្រោយ​ទទួល​តំណែង

កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ​កម្ពុជា ប៉ែន សុគង់ កំពុង​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន ១០០ម៉ែត្រ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នាពេល​ខាង​មុខ​នេះ។ ចំពោះ​សិទ្ធផល​ហ្វឹកហាត់ (Performent) របស់​បេក្ខភាព​អូឡាំពិក​របស់​កម្ពុជា​ រូប​នេះ គឺ​ធ្វើបានក្នុងថិរវេលា ១០.៨៧ វិនាទី។

កម្ពុជា បាន​ត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ មាន​ចំនួន​២ប្រភេទ​កីឡា គឺ​អត្តពលកម្ម ប្រកួត​ដោយ​កីឡាករ ប៉ែន សុគង់ និងកីឡា​ហែល​ទឹក​១​វិញ្ញាសា​ហែល​សេរី៥០ម៉ែត្រ​បុរស-នារី។

អត្ថបទពាក់ព័ន្ធ៖អូឡាំពិក៖ប្រទេស​​អាស៊ាន​៦​​បញ្ជូន​អត្តពលិក​​​លើស​​១០រូប​ តែ​៥ប្រទេស​បញ្ជូន​ទៅ​ក្រោម​៣រូប

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជា​​១១,០០០​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។ ការ​ប្រកួត​នេះ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ កន្លង​មក​ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ជុំ​វិញ​ពិភពលោក៕

Telegram-Troryorng
Share.