ពិធីប្រកាសឡើងកាន់តំណែងអភិបាលខេត្តកំពង់ឆ្នាំងថ្មីគឺឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តិទៅ នៅខេត្តកំពង់ឆ្នាំង។  

ជាមួយគ្នានេះអភិបាលរងខេត្តកណ្តាល ដែលត្រូវបានចាត់ទុកថាជាចាស់ព្រឹទ្ធចាស់ព្រេងមួយរូបគឺលោក នៃ ចារី ក៏ត្រូវបានផ្ទេរ ភារកិច្ចឲ្យទៅកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។

ពុំមានប្រភពផ្លូវការណាមួយអះអាងអំពីមូលហេតុនៅពីក្រោយខ្នងនៃការផ្ទេរភារកិច្ចរបស់លោក នៃ ចារីនោះឡើយ។

តាមដឹង ពីមុនមកលោក នៃ ចារី ធ្លាប់ត្រូវបានផ្ទេរភារកិច្ចជាច្រើនលើករួចមកហើយដោយលោកធ្លាប់តំណែងជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ រួចត្រូវបានផ្ទេរទៅកាន់តំណែងជាអភិបាលរងខេត្តកណ្តាល។បន្ទាប់មកទៀត លោកបាន​កាន់តំណែងជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ រួចលោកបានទៅកាន់តំណែងជាអភិបាលរងខេត្តកណ្តាលវិញ។

លុះពេលមានព័ត៌មានអំពីការបំបែកខេត្តកណ្តាល លោក នៃ ចារី ក៏ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមបេក្ខភាពចៅហ្វាយខេត្តថ្មីផងដែរ។ ប៉ុន្តែព័ត៌មានអំពីការបំបែកខេត្តថ្មីនោះ ត្រូវបានសម្តេចប្រមុខរាជរដ្ឋាភិបាលចេញមកបដិសេធជាសាធារណៈ៕

Share.