ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវឲ្យមានការប្រុងប្រយ័ត្នកាន់តែខ្លាំងលើប្រព័ន្ធហិរញ្ញវត្ថុសាកលលោកក្នុងអំឡុងពេលសុន្ទរកថានៅក្នុងប្រទេស ចិន កាលពីថ្ងៃ អាទិត្យ ដែលក្នុងនោះលោកស្រីក៏បានចង្អុលបង្ហាញអំពី «សញ្ញាវិជ្ជមាន» ដែលលេចឡើងនៅក្នុងប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតទី២ របស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN​ នាថ្ងៃ ច័ន្ទ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣។

នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយក្នុងអំឡុងសុន្ទរកថានៅឯវេទិកាអភិវឌ្ឍន៍ចិននៅទីក្រុង ប៉េកាំង ថា «ហានិភ័យចំពោះស្ថិរភាពហិរញ្ញាវត្ថុបានកើនឡើង»។

លោកស្រី Georgieva បានសរសើរពីរបៀបដែលអ្នកបង្កើតគោលនយោបាយបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការឆ្លើយតបទៅនឹងវិបត្តិធនាគារ ដោយលើកឡើងពីកិច្ចសហការនាពេលថ្មីៗនេះ ដោយធនាគារកណ្តាលសំខាន់ៗ ក្នុងការជំរុញលំហូរនៃប្រាក់ដុល្លារអាមេរិកនៅជុំវិញពិភពលោក។ លោកស្រី​បាន​បន្ត​ថា​៖ «​សកម្មភាព​ទាំងនេះ​បាន​បន្ធូរបន្ថយ​ភាព​តានតឹង​ទីផ្សារហិរញ្ញាវត្ថុ​ក្នុង​កម្រិត​មួយ​។ ប៉ុន្តែ​ភាព​មិន​ប្រាកដ​ប្រជា​មាន​កម្រិត​ខ្ពស់ ដែល​បញ្ជាក់​ពី​តម្រូវការ​សម្រាប់​ការ​ប្រុង​ប្រយ័ត្ន»។

លោកស្រី Georgieva បាននិយាយកាលពីថ្ងៃអាទិត្យថា IMF កំពុងបន្តឃ្លាំមើលស្ថានភាពនេះ និងវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានចំពោះទស្សនវិស័យសេដ្ឋកិច្ចពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Georgieva បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ របស់អ្នកបង្កើតគោលនយោបាយដើម្បីគាំទ្រដល់ប្រព័ន្ធធនាគារពិភពលោកដោយការលើកកម្ពស់ការផ្តល់សាច់ប្រាក់ងាយស្រួលជាប្រាក់ដុល្លារអាមេរិក។

នៅក្នុងវេទិកាអភិវឌ្ឍន៍ចិនឆ្នាំ ២០២៣ ក្នុងទីក្រុង ប៉េកាំង លោកស្រី Kristalina Georgieva បាននិយាយថា ការស្ទុះឡើងវិញ​នៃ​សេដ្ឋកិច្ចចិន គឺពិតជាចូលរួមសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក។ បើយោងតាមការវិភាគរបស់​ IMF បានឲ្យដឹងថា កំណើន ១% ​នៃផលិតផលក្នុងស្រុកសរុប (GDP)​​ របស់​ចិន​ នឹង​នាំ​ឲ្យមាន​ការ​កើនឡើង​ ០.៣%​ នៃកំណើន​ក្នុង​សេដ្ឋកិច្ច​អាស៊ី​ផ្សេង​ទៀត​ ។

លោកស្រី Georgieva បញ្ជាក់ទៀតថា សេដ្ឋកិច្ច​ គឺមិនអាក្រក់ទាំងអស់នោះទេ​ ​ដោយសារ​ប្រទេសមួយចំនួន​កំពុងមានកំណើនមកវិញដែរ​ ដូចជា​ប្រទេសចិនជាដើម។ លោកស្រីបានបន្ថែមថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន នឹងកសាងសន្ទុះវិជ្ជមាន​តាមរយៈគោលនយោបាយទូលំទូលាយឆ្ពោះទៅរកការរួមបញ្ចូលគ្នាជាមួយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ។

ទាក់ទិននឹងបញ្ហានេះ វិនិយោគិនសកលបានមានការប្រុងប្រយ័ត្នខ្ពស់ អំពីស្ថិរភាពនៃវិស័យធនាគារបន្ទាប់ពីមានធនាគារធំៗជាច្រើនបានក្ស័យធនមានដូចជា៖ ធនាគារស្វីស Credit Suisse និងធនាគារអាមេរិកចំនួន២ដូចជា ធនាគារ Silicon Valley និង ធនាគារ Signature Bank។

សូមជម្រាបថា សេដ្ឋកិច្ចពិភពលោកនឹងត្រូវប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារផលប៉ះពាល់ពីវិបត្តិធនាគារនាពេលថ្មីៗនេះ ហើយការបង្កើតប្លុកសេដ្ឋកិច្ចគូប្រជែង ដែលបង្កឡើងដោយជម្លោះនៅអ៊ុយក្រែន បានគំរាមកំហែងដល់ការបំផ្លាញស្ថិរភាពសេដ្ឋកិច្ចពិភពលោក៕

ប្រភព៖ CNN

Share.