សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សហការណ៍ជាមួយសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ បាន​រៀបចំ​ការ​ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ The 6th Southeast Asian Vovinam Championships មាន​ចំនួន ៧ប្រទេស​ចូល​រួម ចាប់ថ្ងៃទី២៥ ដល់​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំធំ នៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។

គិតត្រឹមថ្ងៃទី២៧ ខែមីនា កម្ពុជាឈរលំដាប់ទី១ ដោយឈ្នះមេដាយសរុប៩ មេដាយមាស៥ ប្រាក់២ និងសំរឹទ្ធ២ ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាសុីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅកម្ពុជា។

កីឡាករ លី បូរ៉ាមី ឈ្នះមេដាយមាស១ និងជាមេដាយមាសដំបូងក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ លើប្រភេទវិញ្ញាសា មេគុនសម្តែង

អត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ឈ្នះមេដាយប្រាក់១ ធ្វើបានដោយកីឡាការិនី ប៉ាល់ ឆរស្ម៊ី, កីឡករ ម៉េត សុភត្រា, ជ្រិន ប៊ុនឡុង និងប្រាក់ សុវណ្ណនី លើវិញ្ញាសាសម្តែងក្រុម នារី១ បុរស៣នាក់ មានអាវុធ

កីឡាករ សៀន ចាន់ហួត ឈ្នះមេដាយមាស១ លើវិញ្ញាសា មេគុនដំបងបុរស(ឯកត្តជន) ដែលបញ្ចប់ក្នុងលទ្ធផលពិន្ទុ២៧០

អត្តពលិកកីឡាវ៉ូវីណាម ឈ្នះមេដាយមាស១ លើវិញ្ញាសាមេគុនដាវបុរស ៤នាក់ (ក្រុម) ធ្វើបានដោយកីឡាករ ម៉េត សារី, ម៉ែន សុខវិច្ឆិកា, អ៊ឹម លាំងឈុង នីទីស្សា

ការ​ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ គឺ​ជា​ព្រឹត្តិការណ៍​កីឡា​អន្ដរជាតិ​សំខាន់​សម្រាប់កម្ពុជា ក្នុងការកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីរៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការ​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.