យោងតាមការបញ្ជាក់របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា បានឲ្យដឹងថាការចាប់ឆ្នោតវគ្គចែកពូលនៃការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរស និងបាល់ទាត់នារី នឹងធ្វេីឡេីងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ចំពោះកម្មវិធីនេះនឹងមានផ្សាយផ្ទាល់តាមរយ: BTV Cambodia និងនៅលើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា វេលាម៉ោង ៥:០០នាទីរសៀល។

សម្រាប់វិញ្ញាសាបាល់ទាត់ នឹងត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសា តទៅ ពោលគឺមុនពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

ក្នុងនោះគណ:​កម្មកា​ររៀប​ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ក៏បានអនុញ្ញាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យ​ប្រើប្រាស់​ឯកសណ្ឋានកីឡារបស់សហព័ន្ធផ្ទាល់ VARAMAN (វរ្ម័ន) ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

ហេតុដូច្នេះ ក្នុងការប្រកួតវិញ្ញាសារបាល់ទាត់ ក្រុមជម្រើសជាតិកម្ពុជាទាំង២ក្រុម ពោលគឺក្រុមបុរស និងក្រុមនារី នឹងប្រើប្រាស់ឯកសណ្ឋានដែលផលិត និងផ្គត់ផ្គង់ដោយក្រុមហ៊ុន VARAMAN (វរ្ម័ន) នៃ Collection ២០២២-២០២៤ ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ រួមមានដូចជា ឯក​សណ្ឋាន​ធ្វើ​ដំ​ណើរ ឯកសណ្ឋានហ្វឹកហាត់ និងឯកសណ្ឋានការប្រកួត។

VARAMAN (វរ្ម័ន) គឺជាម៉ាកក្នុងស្រុកថ្មី បង្កើតឡើងជាមួយគោលបំណង ចង់​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រើប្រាស់ឯកសណ្ឋានដែលរចនា​ និងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាផលិតផល​ដែល​ផលិត​ដោយដៃបងប្អូនខ្មែរយើងផ្ទាល់​ ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។​

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​​ថ្លែង​អំណរ​យ៉ាង​ជ្រាល​ជ្រៅជាទី​បំផុត​ចំពោះ សម្ដេចពិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និង​ជា​ប្រធាន​គណ:​កម្មការ​ធិការជាតិ CAMSOC ដែលបានឯកភាពផ្ដល់សិទ្ធិឲ្យសហព័ន្ធបាល់ទាត់ បាន​ប្រើ​ប្រាស់​នូវ​សម្ភារ:​ឬ ឯក សណ្ឋានផ្ទាល់ខ្លួន ដែលជាផលិតផលស្នាដៃរបស់ខ្មែរ ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​យើង នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។

សូមរំលឹកថា មុនប្រកាសជាផ្លូវការនេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Varaman (វរ្ម័ន) បាន​ប្រកាស​ថា​ក្រុម​ជម្រើសជាតិកម្ពុជាទាំងក្រុមបាល់ទាត់បុរស និងនារី នឹងប្រើឯកសណ្ឋានផលិតដោយ Varaman (វរ្ម័ន) សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Share.