ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់លើកដំបូងក្នុងរយ:ពេល ៦៤ឆ្នាំ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែល​ក្នុង​នោះ​សម្រាប់​វិញ្ញាសាបាល់ទះក្នុងសាល នឹង​ក្រុម​ចូល​រួម​ចំនួន ៧ប្រទេស តែពុំមានវត្តមានក្រុមហ្វីលីពីនឡើយ។

ហ្វីលីពីន មាន​ក្រុម​បាល់ទះ​បុរស​ធ្លាប់​អង្រួន​ស៊ីហ្គេម​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​ក្នុង​នោះ​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់ ២លើក នៅឆ្នាំ​១៩៧៧ និង​២០១៩ ខណៈ​ក្រុមនេះ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធិ​រហូត​ដល់​ទៅ​៦សម័យកាល គឺ​នៅ​ឆ្នាំ​១៩៧៩, ១៩៨១, ១៩៨៣,១៩៩១,១៩៩៧ និង​២០០៥។

​ចំណែក​ពិធីចាប់ឆ្នោតវគ្គចែកពូលវិញ្ញាសាបាល់ទះក្នុងសាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដំណាលគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដែលការប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី០៣ ខែឧសភា ដល់​ថ្ងៃទី១៤ ខែឪសភា ឆ្នាំ២០២៣។

ក្រុម​ចូល​រួម​ចំនួន ៧ប្រទេស មានដូចខាងក្រោម៖

. ក្រុមបាល់ទះជម្រើសជាតិកម្ពុជា
២. ក្រុមបាល់ទះជម្រើសជាតិថៃ
៣. ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ី
៤. ក្រុមបាល់ទះជម្រើសជាតិមីយ៉ាន់ម៉ា
៥. ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី
៦. ក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី
៧. ក្រុមបាល់ទះជម្រើសជាតិវៀតណាម

គួរបញ្ជាក់ថា សម្រាប់​វិញ្ញាសាបាល់ទះក្នុងសាលបុរស់ កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ ក្រុមបាល់ទះកម្ពុជា ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ៣ មេដាយសំរិទ្ធ ក្រោយយកឈ្នះថៃ ក្នុងលទ្ធផល៣សិតទល់២។ ពោលគឺ៖

  • សិតទី១ កម្ពុជាឈ្នះ ២៥-២៣
  • សិតទី២ ថៃឈ្នះ ២៥-២២
  • សិតទី៣ កម្ពុជាឈ្នះ ២៥-២២
  • សិតទី៤ ថៃវាយបកតាមស្មើ ២៥-១៣
  • សិតចុងក្រោយ កម្ពុជាឈ្នះ១៥-១៣

កម្មវិធី​ប្រកួត​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.