តម្លៃប្រេងបានកើនឡើងជាង ៥ដុល្លារអាមេរិក ក្នុង១បារ៉ែល ដែលជាការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយអង្គការ OPEC+ រួមជាមួយប្រទេសផ្សេងទៀតរួមគ្នាកាត់បន្ថយបរិមាណការផលិតរបស់ខ្លួន ដើម្បីគាំទ្រដល់ស្ថិរភាពទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃ ច័ន្ទ ទី ០៣ ខែ មេសា ឆ្នាំ ២០២៣។

តម្លៃប្រេងឆៅ Brent ត្រូវបានជួញដូរលើសពី ៨៤ដុល្លារអាមេរិក ក្នុង១បារ៉ែល នៅអាស៊ី បន្ទាប់ពីលោតឡើងជាង ៤ដុល្លារ ឬស្មើនឹង ៥%។

ការកើនឡើងនេះ បានកើតឡើងបន្ទាប់ពីប្រទេស អារ៉ាប៊ីសាអូឌីត អ៉ីរ៉ាក់ និង រដ្ឋឈូងសមុទ្រជាច្រើនបាននិយាយកាលពីថ្ងៃ អាទិត្យ ថា ពួកគេកំពុងកាត់បន្ថយទិន្នផលប្រេងជាង ១លានបារ៉ែលក្នុង ១ថ្ងៃ។

បន្ថែមពីលើនេះ រុស្ស៊ីបាននិយាយថា ខ្លួននឹងកាត់បន្ថយប្រេងចំនួន កន្លះលានបារ៉ែល ក្នុង១ថ្ងៃ រហូតដល់ដំណាច់ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បាននឹងកំពុងអំពាវនាវឲ្យអ្នកផលិតបង្កើនទន្និផល ដើម្បីជំរុញឲ្យតម្លៃថាមពលធ្លាក់ចុះ។

ឆ្លើយតបទៅនឹងការកាត់បន្ថយចុងក្រោយនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា «យើងមិនគិតថា ការកាត់បន្ថយគឺ ត្រូវបានណែនាំទេនៅពេលនេះ ដោយសារភាពមិនច្បាស់លាស់នៃទីផ្សារ ហើយយើងក៏បានបញ្ជាក់យ៉ាងច្បាស់»។

អារ៉ាប៊ីសាអូឌីត កំពុងកាត់បន្ថយទិន្នផល ៥០០,០០០បារ៉ែលក្នុង១ថ្ងៃ និង អ៉ីរ៉ាក់ចំនួន ២១១,០០០បារ៉ែល ខណៈប្រទេស អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត អាល់ហ្សេរី និង អូម៉ង់ ក៏កំពុងកាត់បន្ថយផងដែរ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា មន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បាននិយាយថា វិធានការណ៍នេះ គឺជា «វិធានការណ៍ប្រុងប្រយ័ត្ន សំដៅជួយដល់ស្ថិរភាពនៃទីផ្សារប្រេង»។

លោក Nathan Piper អ្នកវិភាគប្រេងឯករាជ្យបានប្រាប់ BBC ថា ការផ្លាស់ប្ដូររបស់អង្គការ OPEC+ ហាក់ដូចជាការប៉ុនប៉ងដើម្បីរក្សាតម្លៃប្រេងលើសពី ៨០ដុល្លារក្នុង ១បារ៉ែល ក្នុងរយៈពេលមធ្យម ដោយសារតម្រូវការអាចរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ហើយផលប៉ះពាល់នៃការដាក់ទណ្ឌកម្មនៅមានកម្រិត លើការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី។

សូមជម្រាបថា តម្លៃថាមពល និង ប្រេងឥន្ទនៈ បានឡើងថ្លៃខ្ពស់កាលពីឆ្នាំមុន បានជួយជំរុញអតិផរណា អត្រាតម្លៃប្រេងកើនឡើង ដាក់សម្ពាធលើហិរញ្ញវត្ថុលើការចំណាយក្នុងផ្ទះ របស់គ្រួសារជាច្រើន។ ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​នៃ​ប្រទេស​ផលិត​ប្រេង OPEC+ ហើយក្រុមនេះមានប្រហែល ៤០% នៃទិន្នផលប្រេងឆៅទាំងអស់របស់ពិភពលោក៕

ប្រភព​​៖ BBC

Share.