អ្នកវិទ្យាសាស្រ្តនិយាយថា មនុស្សវ័យកណ្ដាលដែលមិនអាចរក្សាលំនឹង ឬ ឈរជើងម្ខាងបាន ១០វិនាទី ទំនងជាអាចស្លាប់មុនអាយុដល់ទៅ ២ដង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Dailymail។

អ្នកស្រាវជ្រាវនៅប្រទេស ប្រេស៊ីល បានវាយតម្លៃលើមនុស្សចំនួន ២,០០០នាក់ ដែលមានអាយុពី ៥០ឆ្នាំ ដល់ ៧៥ឆ្នាំ បានរកឃើញថា អ្នកដែលមិនអាចឈរជើងមួយបានរយៈពេល ១០វិនាទី មានហានិភ័យស្លាប់កើនឡើង ៨៤% ក្នុងរយៈពេល ១០ឆ្នាំក្រោយពីការធ្វើតេស្ដ។

ការធ្វើតស្ដរក្សាលំនឹងដ៏សាមញ្ញ និង សុវត្ថិភាព អាចរកឃើញមនុស្សដែលមានសុខភាពខ្សោយ ដោយអ្នកដែលបរាជ័យលើការហាត់បែបនេះ ទំនងជាទទួលរងនូវជំងឺបេះដូង សម្ពាធឈាមខ្ពស់ និង ជំងឺទឹកនោមផ្អែម។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការធ្វើតេស្ដបែបនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៤ ដោយជ្រើសរើសមនុស្ស ១,៧០២នាក់ នៅក្នុងប្រទេស ប្រេស៊ីល ដែលធ្លាប់បានឆ្លងកាត់ការធ្វើលំហាត់ប្រាណផ្សេងៗ មកឈរជើងម្ខាងរយៈពេល ១០វិនាទីដោយមិនមានការជួយអ្វីទាំងអស់។

មនុស្សដែលមានអាយុចាប់ពី ៥១ឆ្នាំ ដល់ ៥៥ឆ្នាំ មានអត្រានៃការបរាជ័យក្នុងការឈរជើងម្ខាង ៥% ធៀបទៅនឹង ៥៤% នៃមនុស្សដែលមានអាយុចាប់ពី ៧១ឆ្នាំ ដល់ ៧៥ឆ្នាំ។ ខណៈមនុស្សប្រហែល ១២៣នាក់ បានស្លាប់ក្នុងអំឡុងពេលនៃការសិក្សានេះ។

យ៉ាងណាម៉ិញ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា អ្នកចូលរួមទាំងអស់គឺសុទ្ធសឹងតែជាជនជាតិប្រេស៊ីល មានស្បែកស ដូច្នេះការរកឃើញនេះប្រហែលជាមិនអនុវត្តចំពោះជាតិសាសន៍ដទៃផ្សេងទៀតឡើយ៕

ប្រភព៖ Dailymail

Share.