ខេត្តកណ្តាល៖ ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឆ្នាំ២០២៣ ពេលនេះបានរកឃើញក្រុមជើងខ្លាំងទាំង៤ក្រុមហើយ ដែលនឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ឆ្លងកាត់ការប្រកួតវគ្គ៨ក្រុមយ៉ាងស្វឹតស្វាញ អស់រយះពេល ២ថ្ងៃ ដែលក្រុមបាល់ទាត់តំណាងស្រុក និងក្រុងទាំង៨ របស់ខេត្តកណ្តាល បានប្រជែងគ្នានៅលីទីលានវាលស្មៅ នៅកីឡដ្ឋានខេត្តកណ្តាល កាលពីថ្ងៃទី០១,០២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះបានរកឃើញក្រុមចំនួន៤ នឹងកាន់ដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់អភិបាលខេត្តកណ្ដាល ឆ្នាំ២០២៣។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
យុវជនស្រុកកៀនស្វាយ ១-១ ស.ស.យ.ក ស្រុកពញាឮ (២-៤)
យុវជនស្រុកល្វាឯម ១-០ យុវជនស្រុកអង្គស្នូល
យុវជនស្រុកមុខកំពូល ១-០ យុវជនវត្តសិរីបន្ទាយដែក
យុវជនស្រុកខ្សាច់កណ្តាល ២-២ រដ្ឋបាលខេត្តកណ្តាល (៤៥)

ដូច្នេះសម្រាប់កម្មវិធីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមស.ស.យ.ក ស្រុកពញាឮ នឹងត្រូវជួបជាមួយ យុវជនស្រុកល្វាឯម វេលាម៉ោង ១៣.៤៥ នាទីរសៀល ខណៈរដ្ឋបាលខេត្តកណ្តាល នឹងត្រូវជួបជាមួយយុវជនស្រុកមុខកំពូល វេលាម៉ោង ១៥.៤៥ នាទីសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាល។

គួរឲ្យដឹងថា ពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បង្តើតឡើងដំបូងនៅឆ្នាំ២០២២ ហើយក្រុមបាល់ទាត់ TN Kandal គឺជាក្រុមដែលបានគ្រងជើងឯកឆ្នាំដំបូង ក្រោយពីបានយកឈ្នះលើក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល ដោយលទ្ធផល ៣-១ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ៕

Share.