នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មេសា​ឆ្នាំ​២០២៣ នេះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​​បង្ហោះ​ក្នុង Channel Telegram របស់​សម្តេច​ថា​​ នឹង​ឧបត្ថម្ភ​ជា​ថវិកា​និង​សិក្សា​ផ្លូវ​ច្បាប់​ដើម្បី​ផ្ដល់​សញ្ជាតិ​​ខ្មែរ​ ដល់​កីឡាករ​ប្រដាល់​ជនជាតិ​ប្រេស៊ីល រូប​នេះ។

សម្តេច​បញ្ជាក់​ថា៖«ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ខ្ញុំ​សូម​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ប្រដាល់ Thiago Teixeira សញ្ជាតិ​ប្រេស៊ីល នូវ​ថវិកា​ចំនួន​២០,០០០ដុល្លារ។ មួយ​វិញ​ទៀត​ប្រសិន​បើ​មិន​ខុស​ទាស់​ផ្នែក​ផ្លូវ​ច្បាប់​ណា​មួយ​របស់​ប្រេស៊ីល ខ្ញុំ​នឹង​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​សញ្ជាតិ​ខ្មែរ​ ជូន​កីឡាករ​ Thiago»។

កីឡាករ Thiago Teixeira មាន​ឈ្មោះ​បោះសំលេង​នៅ​ក្នុង​ស្រុក​ខ្មែរ បន្ទាប់​ពី​រូបគេ​បាន​ឡើង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ​ខ្សែក្រវាត់​គុន​ខ្មែរ​ពិភពលោក IPCC Kun Khmer World Champion នៅ​រាត្រី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ ជាមួយ​កីឡាករ ធឿន ធារ៉ា លើ​ប្រភេទ​ទម្ងន់ ៧៧គីឡូក្រាម។ ធឿន ធារ៉ា បាន​​វាយ​កែង​បណ្តាល​ឱ្យ​អ្នក​ប្រយុទ្ធ​ Thiago Teixeira មាន​របួស​បែប​ធំ រហូត​គ្រូពេទ្យ​បញ្ឈប់​ការ​ប្រកួត​​នៅ​គ្រា​នោះ។ តាំង​ពី​ពេល​នោះ​មក មហាជន​បាន​ស្គាល់​ថា Thiago Teixeira ជា​នរណា?

មហាជនខ្មែរ​បាន​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កីឡាករ Thiago រហូត​រូបគេ​​មិន​អាច​ឈាន​ជើង​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ បាន​វិញ ដែល​ទីនោះ​ជា​ទីកន្លែង​​រូបគេ​ហ្វឹកហាត់​ប្រដាល់​រហូត​ប្រកួត​បាន​ជាង​១០០លើក និង​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ចំនួន​ផង​ដែរ។

រហូត​ដល់​ថ្មីៗនេះ​Thiago Teixeira បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា មានការ​ភ្ញាក់​ផ្អើល និង​កោតសរសើរ​ខ្លាំង បន្ទាប់ពី​រូបគេ បាន​ផ្តួល​កីឡាករ​របស់អង់គ្លេស Joe Craven ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​ក្លាយជាម្ចាស់​ខ្សែ​ក្រវាត់កម្រិតពិភព​លោក WMO (World Muaythai Organization) សម្រាប់​ការ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា ជា​លើកដំបូង កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៣ នៅ​ប្រទេស​អាល្លឺម៉ង់។

រំលង​ប៉ុន្មាន​ថ្ងៃ​​ស្ថាប័ន World Muaythai Organization (WMO) បាន​ប្រកាស​ដក​ខ្សែ​ក្រវាត់​ចេញ​ពី​កីឡាករ​រូប​នេះ​ទៅ​វិញ៕

Share.