ក្រុមការងារផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមផ្នែកចល័តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហាញផ្ទាំងទស្សនិយភាពទទួលភ្ញៀវជាតិនិងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃនៅទីរួមខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត តុប នេត ផ្ដល់កិច្ចសម្ភាសន៍

ឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងារផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមផ្នែកចល័ត បានបញ្ជាក់អំពីការត្រៀមខ្លួនរបស់ក្រុមការងារមុន​ព្រឹត្តិការណ៍មកដល់ថា៖«សម្រាប់ក្រុមការងាររបស់យើងទាំងអស់មាន៥៥នាក់ បូកទាំងប្អូនៗយុវជនស្ម័ក្រចិត្ត នៅក្នុងខេត្ត២០នាក់ទៀត។ ចំពោះសកម្មភាពការងាររបស់យើងគឺមានទី១ ផ្សព្វផ្សាយតាមរថយន្តតន្រ្តីនៅមុខធនាគារកាណាឌីយ៉ា ទី២ មានបណ្ដែងប្រទីប នៅស្ទឹងសៀមរាប ទី៣ ផ្សព្វផ្សាយតាមម៉ូតូ ចំនួន១៥គ្រឿង ជាក្បួន ដោយមានតម្រាយផ្លូវជាក់លាក់ៗ បង្ហាញជូនមហាជន ទី៤ មានផ្សព្វផ្សាយតាមរថយន្ត LED តាមរយៈចាក់វីដេអូ ដោយ១ថ្ងៃផ្សព្វផ្សាយ៣ទីតាំង ហើយមានរយៈពេល៣ថ្ងៃជាប់ៗគ្នា»។

«ជារួមគោលបំណងនៃការរៀបចំការងារផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមនេះគឺការរួមចំណែកមួយជួយញាំងឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាន់តែអាធិកអធម ក្នុងឱកាសនេះគឺផ្សព្វផ្សាយឱ្យភ្ញៀវជាតិនិងអន្តរជាតិ លោកបានមកទស្សនាខេត្តសៀមរាប បានដឹងថាដោយក្រៅពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កម្ពុជា យើងនៅមានព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម នៅខែឧសភា ខាងមុខ។ ហួសពីនឹង ក្រៅពីការប្រកួតកីឡា គឺយើងមានសម្បត្តិ វប្បធម៌ កេរ្តិ៍ដំណែរ ប្រពៃណី ស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ»។ ឯកឧត្តមតំណាងប្រធានក្រុមការងារបានបន្ត។

ទិដ្ឋភាពនៅមាត់ស្ទឹងសៀមរាប ត្រៀមបណ្ដែងប្រទីប

ឯកឧត្តមបណ្ឌិត បានបន្ថែមថា៖«យើងចង់យកឱកាសនេះផ្សព្វផ្សាយដល់បងប្អូនកម្ពុជា មិនថានៅខេត្តសៀមរាប ឬ នៅខេត្តដទៃទៀតសូមអញ្ញើញយកឱកាសនេះមកទស្សនាខេត្តសៀមរាប ផង មកចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តផង យើងមានព្រឹត្តិការណ៍ច្រើន ក្រៅពីកម្មវិធីបែបប្រពៃណី យើងមានកម្មវិធីច្រើនសំបូរបែប ទាំងនៅមាត់ស្ទឹងសៀមរាប ផង នៅតំបន់ Pub Street ផង នៅតំបន់ប្រាសាទអង្គរផង»។

សូមបញ្ជាក់ថាព្រឹត្តការណ៍អង្គរសង្រ្កាន្ត នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីចូលរួមសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ និងរម្លឹកមរតកបេតិកភណ្ឌអរូបីខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី។ ម្យ៉ាងក៏ជាការចូលរួមអភិរក្ស អភិវឌ្ឍន៍វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងផ្ដល់ឱកាសឱ្យយុវជន ភ្ញៀវទេសចរ បានស្វែងយល់អំពីភាពរុងរឿងនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាផងដែរ។

ព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំទី១០នេះ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឱ្យកម្មវិធីកម្សាន្ត និងទស្សនីយភាពផ្សារភ្ជាប់វប្បធម៌ ប្រពៃណីខ្មែរជាង៤០កម្មវិធីដូចជា កម្មវិធីភូមិខ្ញុំ,ប្រណាំងរទេះគោ ក្របី,ធ្នូបុរាណខ្មែរ, វិចិត្រករឯក, ភូមិអាហារនៃក្ដីស្រឡាញ់,សួនញញឹមអង្គរ,របាំបុរាណ ប្រពៃណី និងប្រជាប្រិយ, គុនល្បុក្កតោ, គោមបណ្ដែតទឹក, ប្រកួតអុកចត្រង្គ, ភូមិបេតិកភណ្ឌវប្បធម៌, ពិព័រណ៍ពាណិជ្ជកម្ម, ល្បែងប្រជាប្រិយ, តន្រ្តីសួស្ដីឆ្នាំថ្មី និងកម្មវិធីតាំងបង្ហាញផលិតផល ស.ស.យ.ក។

ផែនទីអង្គរសង្រ្កាន្ត

ជាមួយគ្នានេះដែលក៏មានកម្មវិធីថ្មីៗមួយចំនួនទៀតដូចជា ពិព័រណ៍វត្ថុយក្ស, សមាធិ, សួនមុនីហទ័យ, កម្មវិធីផ្សព្វផ្សាយព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣, ពិព័រណ៍សង្រ្កាន្ត, សួនកុមារ, ផ្សារស្ទឹងសៀមរាប, អុំទូកម្សាន្ត, ការប្រគុំតន្រ្តីបណ្ដែតទឹក និងការប្រគុំតន្រ្តីនៅ៤ទីតាំងផ្សេងទៀត។ កម្មវិធីទាំងនេះ មានមុខប្រាសាទអង្គរវត្ត លានជល់ដំរី អង្គរឃ្យុងយូ សួនច្បារមុខព្រះរាជដំណាក់ ដងស្ទឹងសៀមរាប និងតំបន់ផាប់ស្ទ្រីត៕

ក្រុមការងារចុះត្រួតពិនិត្យទីតាំង
Share.