ភូមិ​ស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម ជា​ទីតាំង​មួយ​នៃ​ទីតាំង​សំខាន់ៗ​របស់​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត នៅ​ឆ្នាំ​២០២៣ នេះ ខណៈ​គណៈកម្មការ​បង្កើត​ឡើង​ក្នុង​គោល​បំណង​បំផុស​​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម អោយ​មហាជន​បាន​ជ្រាប​ច្បាស់​ហើយ ត្រៀម​ចូលរួម​លើក​ទឹកចិត្ត​ទាំង​អស់​គ្នា។

ឯកឧត្តម​បណ្ឌិតសាស្រ្តចារ្យ ឯក មនោសែន ប្រធាន​ក្រុម​ការងារ​ភូមិ​ស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម បាន​បញ្ជាក់​ថា៖«វត្តមាន​របស់​ភូមិ​ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម នេះ​គឺ​កើត​ចេញ​ពី​គំនិត​ ផ្ដួចផ្ដើម​ដ៏​ពិសេស​និង​ថ្លៃថ្លា​របស់​ឯកឧត្តម​ ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធជន​កម្ពុជា ដែល​បង្កើត​​កម្មវិធី​អង្គរសង្ក្រាន្ត​ ខួប​លើក​ទី១០ ហើយ​ក្នុង​នោះ​ ឆ្នាំ​នេះ​កម្ពុជា​មាន​ភ័ព្វសំណាង​ក្រោម​ម្លប់​សន្តិភាព​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន បាន​រៀបចំ​ឲ្យ​មាន​​ការ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា»

ឯកឧត្តម​បណ្ឌិតសាស្រ្តចារ្យ បន្ត​ថា៖«ភូមិស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ ស្ថិត​នៅ​ក្នុង​ចង្កោមទី​៣ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ ចង្កោម​ទី៣ នេះ​មាន​ឯកឧត្តម ស សុខា ជា​ប្រធាន ហើយ​​ក្រុម​ការងារ​យុទ្ធនា​ការ​ផ្សព្វផ្សាយ​​ភូមិ​ស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម នេះ​មាន​ខ្ញុំ ឯក មនោសែន គឺ​ជា​អ្នក​សម្របសម្រួល​ចាត់ចែង​ដឹកនាំ​រៀបចំ។ ​ក្រុម​ការងារ​របស់​យើង​គ្រប់​ផ្នែក​ទាំង​អស់​ដែល​បាន​ប្ដេជ្ញា​រួម​ចិត្ត​រួមគំនិត​គ្នា​ក្រោម​ដំបូល​សន្តិភាព​នេះ​កសាង​ភូមិ​​ស៊ីហ្គេម យ៉ាង​សស្រាក់​សស្រាំ​ ដោយ​យើង​ធ្វើការ​ជាមួយ​គ្នា​រយៈកាល​១ ខែ​កន្លះ​មក​ហើយ ថា​ត្រូវ​រៀបចំ​បែបបទ​បែប​ម៉េច​ហើយ​ឱ្យ​ស័ក្ដិសម។ បាន​ន័យ​ថា​នៅ​ក្នុង​ទីតាំង​ទាំង​អស់​នេះ​គឺ​មាន​ចរិត​ជា​លក្ខណៈ ជា​កីឡា»។

ភូមិ​ស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម បាន​ជ្រើសរើស​យក​កីឡា​១០​ប្រភេទ ដែល​មាន​ឈ្មោះ​​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​មក​ដាក់​ក្នុង​ភូមិ​របស់​ខ្លួន ដោយ​ទី១​កីឡា​ប្រពៃណី ដែល​ដាក់​ចូល​ស៊ីហ្គេម ចំនួន​៣​ប្រភេទ មាន​ប្រដាល់​គុនខ្មែរ ល្បុក្កតោ និង​អុកចត្រង្គ និង​កីឡា​ប្រជាប្រិយ​ចំនួន​៧​ប្រភេទ។ ភូមិ​នេះ​ជា​ជំរុំ​នៃ​​បណ្ដុំ​កីឡាករ​ល្បីៗ​ផង​ដែរ​នឹង​បង្ហាញ​ខ្លួន​ជា​ការ​​ប្រកួត ឬ លេង​កម្សាន្ត​នានា។ ម៉្យាង​ទីតាំង​នេះ​ដែរ​មាន​កន្លែង​តាំង​ពិព័រណ៍​សម្ភារៈ​គ្រប់​ប្រភេទ​កីឡា​ដែល​ត្រូវ​ប្រកួត​នៅ​ក្នុង​ស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម​ សម្លៀកបំពាក់ ឧបករណ៍​លេង​គ្រប់​បែប​យ៉ាង មេដាយ​នានា​​ដែល​ធ្លាប់​ឈ្នះ​ការ​​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​កន្លង​មក​ មាន​ភ្លើង​គប់​ស៊ីហ្គេម ជា​ដើម។

«មិន​តែ​ប៉ុណ្ណោះ មាន​រូបថត ពិពណ៌ ប្រវត្តិ​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម មាន​ប្រវត្តិ​មួយ​ចំនួន​ទៀត​ដែល​សរសេរ​ដាក់​បង្ហាញ​ក្នុង​ភូមិ​​កីឡា​យើង​នេះ។ ឯកឧត្តមប្រធាន​ ស សុខា ដែល​ជា​ប្រធាន​ចង្កោម​ លោក​បាន​ចង្អុល​បង្ហាញជា​បន្ត​បន្ទាប់ ដើម្បី​កែសម្រួល​ ភូមិ​យើង​ធ្វើ​តូច​បន្តិច តែ​មាន​លក្ខណៈ​សំបូរ​បែប ​និង​ស្រស់ស្អាត​មែនទែន។ យើង​ធ្វើ​ភូមិ​​នេះ​មាន​លក្ខណៈ​កីឡា​ផង និង​ប្រពៃណី​ផង​ដែរ» ឯកឧត្តម​បណ្ឌិតសាស្រ្តចារ្យ បញ្ជាក់​បន្ថែម។

ឯកឧត្តម ឯក មនោសែន បន្ត​ថា៖«ប្រធានបទ​របស់​យើង​​ កីឡា​រស់​ក្នុង​សន្តិភាព អ៊ីចឹង​បើ​គ្មាន​សន្តិភាព​ទេ​ យើង​មិន​អាច​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​បែប​នេះ (ស៊ីហ្គេម​និង​អាស៊ាន​ប៉ារ៉ាហ្គេម) ​មិន​កើត​ទេ​ ហើយ​មិន​តែ​ប៉ុណ្ណោះ ​យើង​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ការ​រៀបចំ​ជាមួយ​ក្រុម​ការងារ​យ៉ាង​សស្រាក់សស្រាំ​ហើយ​មាន​មោទនភាព​ខ្លាំង​ណាស់​​ដែល​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​ជា​លក្ខណៈ​អន្តរ​ជាតិ​បាន​តែ​ម្ដង។ នៅ​ក្នុង​ភូមិ​ស៊ីហ្គេម​យើង​នេះ​មាន​ដើម​ឈើ​សន្តិភាព​ដែល​យើង​តំណាង​ឱ្យ​សុខ​សន្តិភាព​ ដែល​កើត​មាន​ឡើង ហើយ​យើង​គ្រប់គ្នា​ត្រូវ​រួមគ្នា​រក្សា​ដើមឈើ​នេះ​ឱ្យ​មាន​ម្លប់​ត្រឈឹងត្រឈៃ​បែកមែក​សាខា អាច​ជ្រក​តកូន​តចៅ ​ជា​រៀងរហូត»។

សម្រាប់​ទីតាំង​ភូមិ​ស៊ីហ្គេម​និង​អាស៊ាន​ ប៉ារ៉ាហ្គេម ស្ថិត​នៅ​ក្បែរ​ប្រាសាទ​តាព្រហ្ម កៀក​នឹង​របង​ទីលាន​ជល់​ដំរី​ដោយ​មហាជន​លោក​អាច​ចូលរួម​លេង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់​ផង និង​ទស្សនា​ការ​​ប្រកួត​ ឬ សម្ដែង​របស់​កីឡាករ​អាជីព​បាន​ផង។ ភូមិ​ស៊ីហ្គេម​បើក​ទ្វា​ទទួល​ភ្ញៀវជាតិ​និង​អន្តរជាតិ​៣ថ្ងៃ​ពេញ​តែ​ម្តង​ក្នុង​ឱកាស​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត ផ្ទាល់​តែ​ម្តង៕

Share.