សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ដើម្បីផ្ដោតលើការហ្វឹកហាត់របស់កីឡាករ,អាជ្ញាកណ្ដាល និងកម្មវិធីផ្តល់កីឡាករអាហ្សង់ទីន មកប្រកបអាជីពនៅប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក Claudio Tapia ប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ខាងលើបានបញ្ជាក់ជាមួយលោក Duong Quoc Thanh ស្ថានទូតវៀតណាម ក្នុងប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធវិទ្យាស្ថានបាល់ទាត់ AFA’s Football Technology Institute (FTI)។ លោកClaudio Tapia បានត្រៀមខ្លួនជាស្រេចក្នុងការអញ្ជើញថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់វៀតណាមទៅកាន់ប្រទេសអាហ្សង់ទីន ដើម្បីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ខណៈលោកក៏មានបំណងចង់ធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសវៀតណាម ផងដែរ។ នេះបើតាមការបញ្ជាក់របស់សារព័ត៌មានក្នុងស្រុករបស់វៀតណាម។
ចំណែក FTI នឹងអភិវឌ្ឍន៍គុណភាពរបស់ការបង្រៀននិងបង្ហាត់បាល់ទាត់នៅក្នុងសាលា ក៏ដូចជាក្លិបអាជីពតាមអនឡាញនិងក្នុងវគ្គបណ្តុះបណ្តាលដោយគ្រូបង្វឹក ឬអ្នកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន។ យ៉ាងណាក្តីលោក Claudio Tapia មានបំណងចង់យកគំរូនេះទៅកាន់សាលារៀនក្នុងប្រទេសវៀតណាម ផងដែរ៕