ម្ចាស់​មេដាយ​ប្រាក់​​កីឡាស៊ីហ្គេម​ឆ្នាំ​២០២១​កន្លងទៅ​កីឡាករ​ប្រដាល់​ ឈឿង ល្វៃ បាន​ប្រកួត​ចាញ់​កីឡាករ ​​អ្នក​លេង​​ឆ្លង​ដែន សាម៉ី បាចាម៉េក របស់​ថៃ ត្រឹម​ទឹក​ទី៤ នៅ​សង្វៀន​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​ ឆ្នាំ​២០២៣ ក្នុង​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​ ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅ​ខេត្ត​សៀមរាប។

ឈឿង ល្វៃ (ក្រហម) និង សាម៉ី បាចាម៉េក របស់​ថៃ (ខៀវ)

ជុំ​វិញ​បរាជ័យ​របស់​​កីឡាករ​កម្ពុជា ទម្ងន់ ៧១​គីឡូក្រាម​នេះ​ លោក​ឧកញ៉ា ស្រី ចាន់ថន ដែល​សកម្ម​ក្នុង​​ការ​ជ្រោង​គុនខ្មែរ​ពី​ក្រោយ​ខ្នង និង​បាន​ចូល​ទស្សនា​ការ​ប្រកួត​ផ្ទាល់ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ទាំង​យប់​ថា៖«ក្រោយ​ចប់​ការ​ប្រកួត​របស់​កីឡាករ ​ឈឿង ល្វៃ និង កីឡាករ​ថៃ ក្នុង​នាម​ខ្ញុំ​ជា​អនុ​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ខ្ញុំ​ពិត​ជា​មិន​អាច​ទទួល​យក​ការ​រៀបចំ​កម្មវិធី​នេះ​បាន​នោះ​ទេ»។

លោក​ឧកញ៉ា បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ប្រតិកម្ម​របស់​ខ្លួន​​ថា៖«ទី១ ! ហេតុអ្វី​បាន​ជា​ការ​ប្រកួត​៧​គូរ​ប្រកួត​៣​ទឹក តែ​បែរ​ជា​ការ​ប្រកួត​របស់ ឈឿង ល្វៃ ត្រូវ​ប្រកួត​រហូត​ដល់​ទៅ​៥ ទឹក​ទៅ​វិញ? ទី២! ឈឿន ល្វៃ ត្រូវ​ផ្តាច់​កីឡាករ​ថៃ​នៅ​ទឹក​ទី៣ ហេតុអ្វី​អាជ្ញា​កណ្តាល បែរ​ជា​ជួយ​ទប់​ខាង​ថៃ ហើយ​មិន​អោយ​ ឈឿន ល្វៃ ផ្តាច់​បែប​នេះ? ទី៣៖ ហេតុអ្វី​បាន​ជា​នៅ​សល់​ត្រឹម​ជាង​ម្ភៃ​ថ្ងៃ​ដល់​ស៊ីហ្គេម​បែរ​ជា​រៀបចំ​ការ​ប្រកួត​អន្តរជាតិ​បែប​នេះ? ចុះ​បើ​ខូច​កីឡាករ តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? ស៊ីហ្គេម​គឺ​ជា​មុខមាត់​ប្រទេស​ជាតិ​ទាំង​មូល​ ពោល​គឺ​កីឡាករ​មិន​អាច​មាន​បញ្ហា​អ្វី​ឡើយ​មុន​ពេល​ដល់​ការ​ប្រកួត​ស៊ីហ្គេម ខាង​មុខ​នេះ​ ខ្ញុំ​ពិត​ជា​ឆ្ងល់​មិន​អាច​ស្រាយ​ចម្ងល់​មួយ​នេះ​បាន​ឡើយ»។

«អាស្រ័យ​ហេតុ​នេះ សូម​លោកៗ​ដែល​រៀប​ចំ​កម្មវិធី​មេត្តា​ឆ្លើយ​តប​ផង សូមអរគុណ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​គ្រាន់​តែ​ជា​មតិ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ បើសិន​ជា​ខុស​ទាស់​សូម​បងប្អូន​មេត្តា​អធ្យាស្រ័យ​ផង»។ លោក​បាន​បន្ត។ យ៉ាង​ណា​មិញ​លោក​​ក៏​បាន​ចោទ​ជា​សំនួរ​​ទៅ​មហាជន​ថា​យល់​យ៉ាង​ណា​ពី​ការ​ប្រកួត​នេះ ដោយ​បើក​ឱ្យ​មាន Comment ចំពោះ​ការ​បង្ហោះ​របស់​លោក​ផង​ដែរ៕

សាម៉ី បាចាម៉េក របស់​ថៃ (ឈ្នះ)
Share.