សិល្បៈ​ជាតិ​៖ ជា​រឿយ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​គេ​មើល​ឃើញ​ថា​ យុវតី​ ល្អហួស​ រមែង​បង្ហាញ​ពី​សកម្មភាព​ហ្វឹកហាត់​សមត្ថភាព​ដើរ​ដំណើរ​ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​យុវតី​របស់​កម្ពុជា​។​ នាង​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​បេក្ខភាព​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​មួយ​រូប​ ក្នុង​ការ​ទៅ​ចូល​រួម​ប្រកួត​នៅ​លើ​វេទិកា​អន្តរជាតិ​។

ល្អហួស​ ត្រូវ​បាន​គេ​ដឹង​ថា​ នាង​នឹង​កំពុង​ត្រៀម​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Miss​ Preteen​ International​ Cambodia​ ដោយ​អតីត​តារា​សម្ដែង​ស្រី​ដែល​ជា​សាច់​ឈាម​ជាមួយ​នឹង​នាង​ គឺ​អ្នកនាង​ ដេន​ នីក្វាន់​ បាន​បង្ហោះ​សារប្រាប់​មហាជន​ និង​អំពាវនាវ​សុំឱ្យ​មហាជន​ជួយ​គាំទ្រ​កូនស្រី​របស់​ខ្លួន​។​ អ្នក​នាង ដេ​ន​នី ក្វា​ន់ បាន​ប្រកាស​តាម​បណ្តាញ​សង្គម​របស់​ខ្លួន​ថា៖ «​ឆ្នាំ​២០២៣​នេះ កូនស្រី​របស់ខ្ញុំ «​ល្អ ហួស​» ដាក់​ពាក្យ​ប្រកួត Miss Preteen International Cambodia ហើយ សូម​ពុក​ម៉ែ​បងប្អូន​ជួយ​គាំទ្រ​ផង​»​។

មែន​ទែន​ទៅ​ ក្រុម​គ្រួសារ​របស់​យុវតី​ ល្អហួស​ ពិត​ជា​គាំទ្រ​នាង​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ជំហរ​ក្លាយ​ជា​បវរកញ្ញា​ ដោយ​ពួក​គេ​បាន​ជួល​គ្រូ​ល្អ​ៗ​បង្រៀន​នាង​ពី​ការ​ហ្វឹកហាត់​ដំណើរ​នៅ​លើ​វេទិកា​បវរកញ្ញា​។ មិន​តែ​ប៉ុណ្ណោះ​ ល្អហួស​ ក៏​ទទួល​បាន​ការ​ដុះ​ខាត់​ផ្នែក​ភាសា​បរទេស​ថែម​ទៀត​ ដើម្បី​បាន​ជា​ទុន​ឱ្យ​នាង​ឈាន​ផុត​វគ្គ​សំនួរ​ចម្លើយ​នៅ​លើ​វេទិកា​។​ ភាគ​ច្រើន​មហាជន​មាន​ការ​កោត​សរសើរ​ចំពោះ​ ល្អហួស​ ទាំង​ទៅ​លើ​រូប​សម្រស់ ​និង​ទេព​កោសល្យ​សិល្បៈ​របស់​នាង​តាំងពី​វ័យ​ជា​កុមារី​មក​ម្ល៉េះ​ ហើយ​ពួក​គេ​បាន​ប្រៀបធៀប​មុខមាត់​របស់​នាង​ទៅ​នឹង​តួ​ស្រី​ យ៉ា​យ៉ា ដែល​ជា​តួឯក​ថៃ​ថែម​ទៀត​ផង​។​

ទី​បំផុត​ ល្អហួស​ បាន​ប្រមូល​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ​ ដោយ​មាន​អ្នក​ចូល​រួម​ដាក់​ពិន្ទុ​ឱ្យ​នាង​ក្លាយ​ជា​ម្ចាស់​មកុដ​បាត់​ទៅ​ហើយ​ បើ​ទោះ​នាង​នៅ​មិន​ទាន់​បាន​ប្រកួត​នៅ​ឡើយ​។ គេ​ឃើញ​មាន​អ្នកលេង​បណ្ដាញ​សង្គម​លើក​ឡើង​ស្រដៀង​ៗ​គ្នា​បែប​នេះ​៖​ «ទាំង​ស្អាត​ ទាំង​មាន​សមត្ថភាព​ ទេពកោសល្យ​សិល្ប:​ គួរ​អោយ​ស្ញប់ស្ញែង​ណាស់​ ខ្ញុំ​ជឿជាក់​ថា​ក្មួយ​ស្រី​ជា​ម្ចាស់​មកុដ​ស្រឡាញ់​តាំង​ពី​តូច​» «ចង់​អោយ​តំណាង​កម្ពុជា​ សុំ​មកុដ​មក​» «មិន​ជាប់​ចម្លែក​ហើយ​រាង​កប់​សារី​ ឆ្លាត​ចេះ​ច្រើន​ភាសា​» «​ល្អ​គ្មាន​ទាស់​ត្រង់​ណា​ទេ​សំណព្វ​បេះដូង​ ដឹង​តែ​ជា​ម្ចាស់​មកុដ​100%​ ហើយ​» «ស្រស់​ស្អាត​ដូច​ទេពអប្សរ​អីចឹង​ដឹង​តែ​ជាប់​១០០​ភាគរយ​ហើយ​»​។​

តាម​ការ​បញ្ជាក់​របស់​ ល្អហួស ​បាន​ឱ្យ​ដឹង​ថា​ មិន​ត្រឹម​តែ​នាង​កំពុង​ដុស​ខាត់​លើ​សមត្ថភាព​ដើរ​ម៉ូដ​ និង​ភាសា​នោះ​ទេ​ នាង​ក៏​កំពុង​សិក្សា​ឈ្វេងយល់​ពី​វប្បធម៌​អរិយធម៌​របស់​ខ្មែរ​ឱ្យ​បាន​កាន់​តែ​ច្បាស់​លាស់​ ព្រម​ជា​មួយ​ការ​រៀន​ជំនាញ​សិល្បៈ​ផ្នែក​បុរាណ​មួយ​ចំនួន​ទៀត​ ដើម្បី​សម្រេច​បាន​គោលដៅ​ក្នុង​ចូលរួម​ការ​ប្រកួត​សម្រស់​ធំៗ និង​ត្រៀម​ខ្លួន​អាច​ក្លាយជា​បវរកញ្ញា​តំណាង​កម្ពុ​ជាមួយ​រូប​នា​ពេល​អនាគត​ផងដែរ​៕

Share.