សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​​ជា​ប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ការត្រួតពិនិត្យ​ទីលាន​ប្រកួត​នានា សម្រាប់ការ​ប្រកួតកីឡា​ស៊ីហ្គេម លើកទី​​៣២ និង​អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយ​ពេលនេះ បានចប់សព្វគ្រប់រៀបរយអស់ហើយ។

នេះ​ជា​ការ​​បញ្ជាក់​របស់​សម្តេច​ពិជ័យសេនា នៅក្រោយការត្រួតពិនិត្យទីលាន ប្រកួត នៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) កាលពីថ្ងៃពុធ ទី១៩ ខែមេសានេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ៖«ពេលវេលាយើងជិតមក ដល់ហើយ ជាពិសេស​គឺ​ព្រឹត្តិការណ៍​ប្រកួតស៊ីហ្គេម លើកទី៣២ នៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះ​គ្រប់​គណៈកម្មការ ក៏​ដូច​ជា​គ្រប់​ផ្នែក​នានា កំពុងមហាញឹកមែនទែន ក្នុង​ការ​ត្រួត​ពិនិត្យ​គ្រប់​ផ្នែក ​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស គឺ​ទីលាន​ប្រកួត ត្រូវតែរួចរាល់មុនអ្វីៗទាំងអស់ ដើម្បីធានាឱ្យ​បានស្អាត អនាម័យ ព្រម​ទាំង​ត្រឹម​ត្រូវ​តាម​ស្តង់ដា​អន្តរជាតិផងដែរ។ ជារួម គឺគ្រប់ទិសទី​ទាំង​អស់ យើង​បាន​ត្រួត​ពិនិត្យ​ជា​បន្ត​បន្ទាប់​រួចរាល់​ចប់​សព្វ​គ្រប់​អស់​ហើយ ដោយនៅសល់តែការសម្អាត​អនាម័យ តុបតែងស្លាកសញ្ញា និមិត្ត​សញ្ញា ឱ្យ​កាន់​តែ​ស្រស់​ប្រិមប្រិយ​ប៉ុណ្ណោះ»

«ដូច្នេះនៅថ្ងៃនេះ យើងឃើញថា គ្រប់ទី​កន្លែង​ប្រកួត​ទាំងអស់ ​បាន​រៀបរយ​រួចរាល់​ជិត​១០០​ភាគរយ​ហើយ។ ចំពោះទីលានប្រកួតនៃកីឡដ្ឋានស្តាតចាស់ សម្រាប់ប្រកួតបាល់ទាត់នារី ដែល​ពី​មុន​យើង​មាន​ក្តី​បារម្ភ ដែលអាចប្រកួត បាន១ពេល ប៉ុន្តែពេលនេះយើងបានដោះស្រាយទាន់ ពេលវេលា ក្រោយ​ការ​ខិតខំ​ប្រឹង​ប្រែង​កែ​លម្អ ការបំពាក់ភ្លើងបំភ្លឺ គឺអាចប្រកួតបាន​២ពេល ឱ្យ​ស្របតាមស្តង់ដា ដើម្បី​ធានា​ឱ្យ​ការ​ប្រកួត​នៅ​ទីលាន​មួយនេះ ប្រកបដោយភាព រលូន»។ នេះជាការសង្កត់ធ្ងន់បន្ថែមរបស់សម្តេចពិជ័យសេនា។

សម្តេចប្រធាន CAMSOC-CAMAPGOC បានលើកឡើងទៀតថា ទីលានបាល់ទាត់ មាន​៤​កន្លែង​សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺនៅស្តាតចាស់ ពហុកីឡដ្ឋានជាតិ (អូឡាំពិក) កីឡដ្ឋានភ្នំពេញក្រោន កីឡដ្ឋានព្រីនស៍ ដោយសារ​ប្រភេទ​កីឡា​បាល់ទាត់​ត្រូវ​ដំណើរ​ការ​ប្រកួត​មុនគេ ដោយ​ចាប់​ផ្តើម​ប្រកួត ពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ក៏បានគូសបញ្ជាក់ដែរថា នៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​នេះ ក៏​ជា​មណ្ឌល​មួយ​ដ៏​មានសារៈសំខាន់ផង ដែរ សម្រាប់​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិកម្ពុជា​ លើប្រភេទ កីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង ដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានមើលឃើញពីភាពសស្រាក់សស្រាំ ក្នុងការហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ​២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ ​ឆ្នាំ​២០២៣ នេះ​មាន​ប្រទេស​ចំនួន​១១​ចូលរួមប្រកួតប្រជែងលើ​ប្រភេទ​​កីឡា​ចំនួន​៣៧ ស្មើនឹង ៥៨១​វិញ្ញាសា ដែលត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​​សហព័ន្ធ​​កីឡា​អាស៊ីអាគ្នេយ៍ ហើយ​ព្រឹត្តិការណ៍ស៊ីហ្គេម​នេះ នឹង​ដំណើរ​ការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៣។

ចំណែក​ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ សម្រាប់​ក្រុម​អត្តពលិកជនពិការ នឹង​​ដំណើរ​​ការ​ជា​ផ្លូវការ​ពី​ថ្ងៃទី​០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន១៣ប្រភេទកីឡាស្មើនឹង ៤៣១វិញ្ញាសា។ ចំពោះ​ប្រតិភូកីឡា​ទាំង​១១ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា ដែល​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​មេដាយ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រលើក​ដំបូង នៅកម្ពុជានេះ មានចំនួនសរុប​១២៤០៤​នាក់៕

Share.