តារា​ជើង​ស៊ុត Zlatan Ibrahimovic ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ស៊ុយអែត កោះហៅ​ឱ្យ​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​ឡើង​វិញ បើទោះ​ជា​សមាជិក​ក្រុម​ AC Milan រូប​នេះ​​បាន​ប្រកាស​ចូល​និវត្តន៍​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​ក្តី ដើម្បី​ត្រៀម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ 2022 FIFA World Cup Qatar ប្រចាំ​តំបន់​អឺរ៉ុប នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២១ នេះ។

សារព័ត៌មាន eurosport បាន​បញ្ជាក់​ថា​​កីឡាករ​វ័យ​៣៩​ឆ្នាំ​រូប​នេះ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់​លោក​គ្រូ​បង្វឹក​Janne Andersson របស់​ក្រុម​ស៊ុយអែត ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ហ្សកហ្ស៊ី និង​កូសេវ៉ូ ខណៈ​កីឡាករ​រូប​នេះ​ធ្លាប់​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អស់​រយៈពេល​៥ឆ្នាំ​យ៉ាងណាក្តី។

​កីឡាករ Zlatan Ibrahimovic ធ្លាប់​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​បាន​រហូត​ដល់​៦២គ្រាប់ មុន​គិត​ត្រឹម​ចូល​និវត្តន៍​ជម្រើសជាតិ​ត្រឹម​ប្រកួត Euro 2016។ រូប​គេ​ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ថា​​ចង់​ជាប់​ជម្រើស​ជាតិ​ឡើង​វិញ​ម្តង​ទៀត ខណៈ​នោះ​លោក Janne Andersson បាន​ធ្វើ​ដំណើរ​មក​ជួប​​កីឡាករ​រូប​នេះ​​នៅ​ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី តែ​ម្តង ជា​ទីដែល Zlatan Ibrahimovic ប្រកប​អាជីព​ជាមួយ​ក្លិប AC Milan ដើម្បី​​បញ្ជាក់​ពី​រឿង​​នេះ។

លោក Janne Andersson បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗនេះ​ថា៖«ជម្រើស​ទី១​និង​សំខាន់​បំផុត គឺ​គាត់ ( Zlatan) ជា​កីឡាករ​ល្អ​បំផុត​ដែល​យើង​មាន​នៅ​ក្នុង​ប្រទេស​ស៊ុយអែត។ វាពិត​ជា​គួរ​ឱ្យ​អស់​សំណើច​ដែល​គាត់​ចង់​ត្រឡប់​មក​វិញ។ គាត់​ជា​កីឡាករ​ម្នាក់​មាន​បទពិសោធន៍​ច្រើន ហើយ​មាន​ចង្វាក់​លេង​ត្រូវ​គ្រប់​កីឡាករ​ក្នុង​ក្រុម​យើង»។

កីឡាករ Zlatan Ibrahimovic បាន​ផ្លាស់ប្តូរ​ក្លិប​បាល់ទាត់​ចំនួន១១លើក មក​ហើយ​ខណៈ​រូប​គេ​ធ្លាប់​ជាប់​បញ្ជី​ក្នុង​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០០១ មក​ម៉្លេះ។ រូប​គេ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ឯកកត្តជន​ជា​ច្រើន​ទាំង​ក្នុង​ប្រទេស កម្រិត​ទ្វីប​និង​កម្រិត​ពិភពលោក ផង​ដែរ៕

Share.