កាលពីថ្ងៃទី១៩ ខែមេសា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកាយសម្ព័ន្ធកម្ពុជា ប្រភេទ Aerobic ចំនួន ៩រូប បាន​ចេញ​ដំ​ណើរច្រកប្រលានយន្តអន្តរជាតិភ្នំពេញ ទៅកាន់ប្រទេសជប៉ុន ដើម្បី​ចូល​រួម​ការ​ប្រកួតជើងឯកពិភព លោក ដែលជាការទៅចូលរួមការប្រកួតព្រឹត្តិការណ៍ដ៏ធំ មុន​ស៊ី​ហ្គេម​ចាប់​ផ្ដើម នៅភ្នំពេញ ហើយ​ក៏​ជាការតេស្ដសមត្ថភាពកីឡាករ-កីឡាការិនី ។

ជុំការទៅចូល​រួម​នេះ​ដែរ ឯកឧត្តម ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមាន​ប្រសាសន៍​ថា៖ «ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍មួយដ៏ល្អសម្រាប់យើង ហាក់​ដូចជា​ការ​ត្រៀម​លក្ខណៈសម្រាប់ការចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាយើងដូច្នេះដែរ។ អ៊ីចឹង យើង​សង្ឃឹមថា ការទៅចូលរួមនោះ ជាការយកបទពិសោធន៍មួយដ៏ល្អ ហើយ​យើង​អាច​វាយ​តម្លៃ​បាន​ទៅ​លើការប្រកួតនោះ។ ព្រឹត្តិការណ៍ដែលយើងចូលរួមនេះ ហាក់​ដូច​ជា​ការ​ត្រៀម​ស៊ី​ហ្គេម​របស់​យើង​តែម្ដង»។

គួររម្លឹកថា ក្រៅពីកីឡាករ-កីឡាការិនី ចំនួន៩រូប ទៅចូលរួមការប្រកួតព្រឹត្តិការណ៍ខាងលើ ក៏មាន​ចៅ​ក្រម​អន្តរជាតិកម្ពុជា ១រូប និងគ្រូបង្វឹកចំនួន ៣រូប បានចេញដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតជើងឯកពិភពលោកនេះដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅជប៉ុន មាន ១៨ប្រទេស ឬ​អាច​ខុស​នេះ​តិច​តួច ពោល​គឺស្ថិតនៅចន្លោះពី១៥ ទៅ១៨ប្រទេស ក្នុងនោះ ក៏មានប្រទេសនៅតំបន់អឺរ៉ុបចូលរួមដែរ ហើយ​សុទ្ធ​តែជាជើងខ្លាំងក្នុងពិភពលោក។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជា​ត្រូវ​តែ​ចូល​រួម​ដើម្បី​វាស់​ស្ទង់​កម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនី៕

Share.