ក្រុម​វិសាខា (ខៀវ) ក្នុងប្រកួតលីគ​កំពូល​កម្ពុជា កន្លង​ទៅ (រូបថត៖FB Visakha)

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​ពិភាក្សា​គ្នា​តំឡើង​ក្រុម​​ក្នុង​វគ្គ​ជម្រុះ​រវាង​ក្រុម​បាល់ទាត់​វិសាខា របស់​កម្ពុជា និង​ក្រុម Lalenok United របស់​ទីម័រខាងកើត ឱ្យ​​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ចែក​ពូល​​តែ​ម្ដង ក្រោយ​ក្រុម Kaya FC របស់​ហ្វីលីពីន ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Champion League 2021 វគ្គ​ចែក​ពូល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​Footy Rankings នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ។

ដូច្នេះ​​ក្រុម​វិសាខា ​ត្រូវ​តំឡើង​ឱ្យ​ចូល​លេង​ពូល I ជាមួយ​​ក្រុម Lalenok United របស់​ទីម័រខាងកើត Terengganu របស់​ម៉ាឡេស៊ី និង Geylang International របស់​សិង្ហបុរី។

​ពានរង្វាន់ AFC Cup 2021 មាន​​១០ពូល​ មក​ពី​៥តំបន់​ផ្សេង​គ្នា មាន តំបន់​អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និង​អាស៊ីអាគ្នេយ៍។ ​គិត​ត្រឹម​ពេល​នេះ​​បាន​បញ្ចប់​ការ​ប្រកួត​៦​ពូល​ហើយ ព្រម​ទាំង​រក​ឃើញ​ក្រុម​ខ្លាំង​តាម​ពូល​ដូចជា​​​៖
*អាស៊ី​​ខាង​លិច៖
-ពូល A: ក្រុម Al-Ahed របស់​លីបង់
-​ពូល ​B: ក្រុម ​Al-Muharraq របស់​បារ៉ែន
-​ពូល C: ក្រុម Al-Kuwait របស់​ក្រុម​គុយវ៉ែត

ក្រុម Al-Salt របស់​ហ្សកដានី ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ល្អ​​ជាង​គេ​បើ​ធៀប​នឹង​ក្រុម​​ចំណាត់​ថ្នាក់​នេះ​២​ទាំង​៣ពូល​នេះ។ ដូច្នេះ​​ក្រុម​ទាំង​៤​ត្រូវ​ប្រកួត​គ្នា​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​​នៅ​តំបន់​អាស៊ី​ភាគ​ខាង​លិច ដោយ​​ធ្វើ​ឡើង​ចំនួន​២ជើង ក្នុង​ខែ​កញ្ញា ខាង​មុខ៖​
-Al-Ahed ប៉ះ ​Al-Muharraq
-Al-Salt ប៉ះ​ Al-Kuwait

*អាស៊ី​ខាង​ត្បូង៖​​វគ្គ​ជម្រុះ និង​ពូល G មិន​ទាន់​ប្រកួត តែ​បង់ក្លាដេស ធ្វើ​ជា​ម្ចាស់​ផ្ទះ។
*អាស៊ី​កណ្ដាល៖
-ពូល E ក្រុម​Ahal មក​ពី​ប្រទេស​ទួរមេនីស្ថាន
-ពូល F ក្រុម Nasaf របស់​អ៊ូបេគីស្ថាន
*អាស៊ីអាគ្នេយ៍៖ វគ្គ​ជម្រុះ និង​ពូល G,H,I មិន​ទាន់​ប្រកួត និង​មិន​ទាន់​កំណត់​ក្រុម​ធ្វើ​ម្ចាស់​ផ្ទះ។
*អាស៊ីខាងកើត៖
-ពូល J ក្រុម Lee Man (ហុងកុង)

សម្រាប់​កម្ពុជា មាន​ក្រុម​២​ចូលរួម​​ក្នុង​ពានរង្វាន់ AFC Cup 2021 នេះ​មាន​ក្រុម​ជើង​ឯក​ពានរង្វាន់​លីគ Metfone Cambodian League 2020 បឹងកេត និង​ក្រុម​​វិសាខា ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ២០២០។ ចំពោះ​បឹងកេត ស្ថិត​នៅ​ពូល G នៃ​ពានរង្វាន់ AFC Cup 2021 ជាមួយ​ក្រុម Hanoi របស់​វៀតណាម ក្រុម​ Bali United របស់​ឥណ្ឌូណេស៊ី និង​អ្នក​ឈ្នះ​វគ្គ​ជម្រុះ​រវាង​Chanthabouly របស់​ឡាវ ឬ ​Kasuka របស់​ប្រ៊ុយណេ៕

Telegram-Troryorng
Share.