ប្រទេស​សៀម (ថៃបច្ចុប្បន្ន) បាន​ចំណាយ​ប្រាក់ប្រមាណជា ១​លាន​ដុល្លារ​លើ​ការ​រៀប​ចំការប្រកួត​កីឡា SEAP Games ឬហៅថាកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ (1st SEAP Games ) នៅ​ទី​ក្រុង​បាងកក ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​​ ដោយ​មាន​កីឡា​១២​ប្រភេទ​ សរុប​ចំនួន​​៦៧​វិញ្ញាសា។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត Straits Times របស់​ម៉ាឡេស៊ី នៅថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ១៩៥៩។

តើព្រឹត្តិការណ៍កីឡានេះកើតឡើងដោយរបៀបណា? ធ្វើឡើង​ដំបូង​នៅ​ឆ្នាំណា? អ្នក​ណា​បង្កើតឡើង? មានប៉ុន្មានប្រទេសចូល​រួម?

ប្រភព​បន្ត​ថា​នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៥៨ គណៈប្រតិភូមកពីបណ្តាប្រទេសនៅឧបទ្វីបអាស៊ីអាគ្នេយ៍ ដែល​ចូលរួមការប្រកួតកីឡាអាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បាន​ជួប​ប្រជុំគ្នា​ហើយ​បាន​យល់​ព្រម​បង្កើតអង្គការកីឡា។ ព្រឹត្តិការណ៍នេះ ដំបូងឡើយមានឈ្មោះថា កីឡាឧបទ្វីប​អាស៊ី​អាគ្នេយ៍ ឬ South East Asian Peninsular Games (SEAP Games)។

SEAP Games ត្រូវបានបង្កើតឡើងដោយលោក Luang Sukhum Nayapradit ដែល​ពេល​នោះ​ជា​អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ។ ហេតុផលដែលបានស្នើឡើងគឺថា ព្រឹត្តិការណ៍​កីឡា​ក្នុង​តំបន់​នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការយល់ដឹង និង​ទំនាក់ទំនង​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

កាលនោះមានប្រទេសចំនួន ៦ រួមមាន ភូមា (បច្ចុប្បន្នមីយ៉ាន់ម៉ា) កម្ពុជា, ឡាវ, ម៉ាឡាយ៉ា (បច្ចុប្បន្ន​ម៉ាឡេស៊ី) ថៃ និង​សាធារណៈរដ្ឋវៀតណាម (វៀតណាមខាងត្បូង) គឺជាសមាជិកស្ថាបនិក និង​បាន​យល់​ព្រម​រៀប​ចំ​ការប្រកួតកីឡារយៈពេល ២ឆ្នាំម្ដង ក្នុងខែមិថុនា ឆ្នាំ១៩៥៩ ហើយ​គណៈ​កម្មាធិ​ការ​សហព័ន្ធកីឡា SEAP ត្រូវបានបង្កើតឡើងបន្ទាប់ពីនោះ។

ក្រោយមក SEAP Games លើកដំបូងត្រូវបានប្រារព្ធឡើងនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៥៩ គឺ​មាន​រយ:ពេល​ត្រឹម ៥ថ្ងៃ​ប៉ុណ្ណេះ បាន​ចំណាយ​ប្រាក់ប្រមាណជា ១​លាន​ដុល្លារ​លើ​ការ​រៀប​ចំ ដោយមានអត្តពលិក និងមន្ត្រី ប្រមាណ ៦៥០នាក់ មកពី ៦ប្រទេស​ចូលរួម។ យ៉ាង​ណា​ក៏​ដោយទោះស្ថិតក្នុងចំណោមប្រទេសជាសមាជិកស្ថាបនិក កម្ពុជា​ មិន​អាច​ចូល​រួម​ក្នុង​ការ​ប្រកួត​លើក​ដំបូង​បាន​ឡើយ ហើយ​បាន​បើក​ទ្វារ​សម្រាប់​ការ​ចូល​រួម​ពីប្រតិភូកីឡា​របស់​ប្រទេស​សិង្ហបុរីវិញ។

ប្រទេស​ចូលរួមលើកដំបូងនាពេលនោះរួមមាន ប្រទេសភូមា (បច្ចុប្បន្នមីយ៉ាន់ម៉ា) ឡាវ, ម៉ាឡាយ៉ា (បច្ចុប្បន្ន​ម៉ាឡេស៊ី), សិង្ហបុរី, សាធារណៈរដ្ឋវៀតណាម (វៀតណាមខាងត្បូង) និងម្ចាស់ផ្ទះថៃ ប្រកួត​លើកីឡាចំនួន ១២ប្រភេទរួមមាន ហែលទឹក, អត្តពលកម្ម, វាយសី, បាល់បោះ, ប្រដាល់​សកល, កីឡាទោចក្រយាន, បាល់ទាត់, បាញ់​កាំភ្លើង, វាយកូនឃ្លីលើតុ, វាយកូនបាល់, បាល់ទះ និងលើកទម្ងន់ លើ ៦៧វិញ្ញាសា។

ជាលទ្ធផល ម្ចាស់ផ្ទះថៃ ឈរនៅលើគេនៃតារាងមេដាយសរុបពោលគឺ រកបានមេដាយសរុប ៧៧​គ្រឿង ក្នុងនោះមេដាយមាស ៣៥គ្រឿង, មេដាយប្រាក់ ២៦គ្រឿង និងមេដាយសំរឹទ្ធ ១៦គ្រឿង។ តាមពីក្រោយដោយ មីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ២, សិង្ហបុរី នៅលេខ៣, ម៉ាឡេស៊ី លេខ៤, វៀតណាម លេខ៥ និងឡាវ លេខ៦។

គិត​ត្រឹម​ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ដ៏​ធំប្រចាំប្រវត្តិសាស្ត្រ បច្ចុប្បន្ន​មាន​ឈ្មោះ​ថា​កីឡាអាស៊ីអាគ្នេយ៍ (32nd Southeast Asian Games) ​ធ្វើ​ឡើង​លើកទី៣២ហើយ កម្ពុជានឹងធ្វើជា​ម្ចាស់​ផ្ទះ ដែល​ជា​ការ​រង់​ចាំ​អស់​រយ:ពេល​ ៦៤ឆ្នាំ នឹងប្រព្រឹត្តទៅចាប់​ផ្ដើមចាប់​ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៣ ៕

Share.