សិល្បៈជាតិ៖ ជាផ្លូវការ ភាពយន្តខ្មែរដែលមានចំណងជើងថា ការពារឧក្រិដ្ឋជនJailbreak បានប្រកាសដកខ្លួនចេញពី Netflix​ ជាផ្លូវការចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ បន្ទាប់ពីផុតកុងត្រារយៈពេល ៥ ឆ្នាំ។ ដំណឹង​នេះបានធ្វើឱ្យអ្នកគាំទ្រសោកស្ដាយជាខ្លាំងចំពោះភាពយន្តខ្មែរដែលមានវត្តមាននៅលើឆាកអន្តរជាតិបែបនេះ។

តែយ៉ាងណាមិញ តាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ភាពយន្ត Jailbreak បានឱ្យដឹងថា បើទោះបីផុតកុងត្រាជាមួយក្រុមហ៊ុនភាពយន្តយ័ក្សមួយនេះក៏ដោយ ក៏ប៉ុន្តែភាពយន្តនឹងត្រៀមខ្លួនចាប់ដៃជាមួយក្រុមហ៊ុនអន្តរជាតិថ្មីមួយទៀតផងដែរ។

យោងតាមការបង្ហោះរបស់ Jailbreak នៅជាផ្លូវការនៅលើហ្វេសប៊ុកថា ៖ « អស់រយៈពេល ៥ឆ្នាំ​ ក្នុងនាមជាភាពយន្តកម្ពុជាដំបូងគេដែលមាននៅលើ Netflix ភាពយន្ត “ការពារឧក្រិដ្ឋជន” នឹងលែងមានវត្តមានបន្តទៀត​លើ​ Netflix ត្រឹមថ្ងៃទី ១ ខែឧសភា​​ ឆ្នាំ២០២៣ ខាងមុខនេះ។ ពួកយើង រួមជាមួយ តួសម្តែង និងក្រុមការងារទាំងអស់ មានមោទនភាពជាខ្លាំងចំពោះស្នាដៃនេះ ហើយសូមអរគុណជាខ្លាំងចំពោះទស្សនិជនទាំងអស់ដែលបានចូលរួមគាំទ្រ និងទស្សនាភាពយន្តនេះ។ សម្រាប់លោកអ្នកដែលមិនទាន់បានទស្សនា អាចចូលទៅទស្សនាលើ​ Netflix រហូតដល់ចុងខែនេះបាន។ ភាពយន្ត “ការពារឧក្រិដ្ឋជន” នឹងអាចមានវត្តមាននៅលើកម្មវិធីទស្សនាភាពយន្តទូទាំងពិភពលោកថ្មីមួយទៀតក្នុងពេលឆាប់ៗនេះ។ សូមបន្តតាមដានផេករបស់យើងសម្រាប់ព៌ត័មានថ្មីបន្តទៀត»។

ភាពយន្ត Jailbreak ជាខ្សែភាពយន្តខ្មែរខ្នាតធំបែបប្រយុទ្ធដោយប្រើក្បាច់គុណបុរាណខ្មែរល្បុក្កតោ និងបានចាក់បញ្ចាំងនៅដើមឆ្នាំ២០១៧ ក្នុងវិស័យភាពយន្តកម្ពុជា។ ភាពយន្តនេះត្រូវបានដាក់ឱ្យទស្សនានៅក្នុង Netflix នាដើមខែឧសភា ឆ្នាំ ២០១៨ ។

ភាពយន្តនេះដែរ ដឹកនាំដោយលោក Jimmy Henderson និងវត្តមានរបស់តារាសម្តែងហូលីវូដ ខ្មែរកាត់បារាំងលោក ហ្សង់ប៉ូល លី គ្រូក្បាច់គុណ​ល្បុកត្តោលោក អ៊ួ តារា កញ្ញា សំថារ័ត្ន តារាសម្តែងលោក សាវិន ហ្វីលីព តារាសម្តែងស្រីកញ្ញា Céline Tran ទ្រង់ ស៊ីសុវតិ្ថ សិរីវុឌ និងក្រុមចម្រៀង ក្មេងខ្មែរ ផងដែរ។

សូមជម្រាបដែរថា ភាពយន្ត ការពារឧក្រិដ្ឋជនJailbreak ត្រៀមបញ្ចេញរដូវកាលទី ២ជាបន្តទៀតនាពេលខាងមុខ ក្រោមកិច្ចសហការផលិតរួមគ្នាដោយ ផលិតកម្មកងចក្រភីកឈ័រ Kongchak Pictures និង ក្រុមហ៊ុន​ចែកចាយភាពយន្តវេស្ទិចមេឌាលីមីតធីត WML+។

Share.