ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២២ឆ្នាំ ក្រោមការដឹកនាំរបស់លោក Philippe Troussier បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ តាមច្រកព្រលានយន្តហោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមេសា ត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២២ឆ្នាំ វិញ្ញាសារបាល់ទាត់បុរស ស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើស ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ ខណ: U-22 វៀតណាម នឹងត្រូវប្រកួតបើកឆាកប៉ះ U-22 ឡាវ ថ្ងៃទី៣០ ខែមេសា នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៧:០០ នាទីយប់។

សម្រាប់ប្រភេទកីឡាបាល់ទាត់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្ដើម​ការ​ប្រកួត​ជម្រុះ​ចាប់ពីថ្ងៃទី២៩ ខែមេសា តទៅ ខណ:ពិធីបើកផ្លូវការរបស់ស៊ីហ្គេម លើកទី៣២ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី៥ ខែឧសភា និងបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា។ រីឯការ​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.