លោក សុខ រិទ្ធី គ្រូបង្គោលក្រុមបាល់ទាត់ឈើតុំបង្ហាញតម្រុយវិជ្ជមានរបស់ក្រុមមុនជួបយុវជន ខេត្ត​បាត់​ដំបងក្នុងការប្រកួតពានរង្វាន់ សម្ដេចហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ថ្នាក់ខេត្ត សម្រាប់​សប្ដាហ៍​ទី៣ នេះ។

គ្រូបង្គោល រូប​នេះបាននិយាយថា៖«សម្រាប់ការរៀបចំក្រុមត្រៀមប្រកួតក្នុងពេលនេះគឺបាន ៧០% ហើយ ខណៈដែលយើងមានកីឡាករខ្លះរៀននៅភ្នំពេញ ហើយខ្លះធ្វើការនៅខេត្ត។ ទម្រាំ​តែ​ពួក​គាត់​មក​ដល់​ជុំគ្នាយើងមានការពិបាកខ្លះដែរ»។

លោកបានបន្តថា៖ «សម្រាប់ការប្រកួតដំបូងក្នុងពូលនេះ ឆន្ទៈរបស់កូនក្រុមគឺពួកគាត់ខំប្រឹងណាស់ ហើយខ្ញុំសង្ឃឹមថាការប្រកួតដំបូងរបស់ខ្ញុំហ្នឹង ធ្វើបានល្អ ហើយទទួលបានលទ្ធផលវិជ្ជមាន គឺ​ទទួល​បាន​៣ពិន្ទុ។ លោកបន្ថែមថា ខ្ញុំបានរកឃើញ​ចំណុចខ្សោយ​របស់​ក្រុម​យុវជន​ខេត្ត​បាត់ដំបង​ដែរ។ ពួក​គេ​មានចំណុចខ្សោយច្រើន តែចំណុចខ្លាំងក៏មានដែរ។ ពួកគេល្អក្នុងតំបន់បម្រើនិងប្រយុទ្ធ តែ​ការ​ការ​ពារវិញពួកគេធ្វើមិនបានល្អទេ ហើយប្រហែសច្រើន»។

ក្រុមបាល់ទាត់ឈើតុំជាក្រុមបាល់ទាត់ដំបូងដែលមានវត្តមានក្នុងឃុំ ឈើតុំ ស្រុកក្រគរ ខេត្ត​ពោធិ៍​សាត់ ដែលចូលរួមក្នុងពានរង្វាន់ សម្ដេចហ៊ុន សែន នេះលើកដំបូង។ លើស​ពីនេះ​អតីត​ខ្សែ​ការ​ពារ​ជម្រើសជាតិកម្ពុជា និងក្រុមព្រះខ័នរាជស្វាយរៀងរូបនេះក៏បានផ្ដាំផ្ញើថា៖«សូម​ផ្ដាំ​ផ្ញើដល់​អ្នក​គាំទ្រ និងបងប្អូនក្នុងឃុំឈើតុំមកទស្សនាការប្រកួតឱ្យបានច្រើនកុះករ និង​ជួយលើក​ទឹក​ចិត្ត​កីឡាករ​ផង ត្បិតអីនេះជាលើកដំបូងហើយ ដែល​ក្នុង​ស្រុក​ក្រគរ​មាន​ក្រុម​បាល់​ទាត់​ចូល​រួម​ពាន​រង្វាន់​លំដាប់​ប្រទេស»។

សូមបញ្ជាក់ផងដែរថា ការប្រកួតរវាងក្រុមបាល់ទាត់ឈើតុំ និង​ក្រុមយុវជន​ខេត្តបាត់ដំបង​ នឹង​លេង​នៅ​ទីលានក្លិបបាល់ទាត់ឈើតុំ វេលាម៉ោង៣និង៣០នាទីថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣ ផ្សាយ​ផ្ទាល់​តាមរយៈទំព័រហ្វេសបុករបស់ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

Share.