ក្រោយទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងដើម្បីចូលរួមអបអរ
សាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅតាមទីតាំងចំនួន៧ដូចខាងក្រោម៖

១.សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២.សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣.ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
៤.សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥.សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ
៦.សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧.ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្រុមជម្រើសជាតិកម្ពុជា​ U22 នឹងត្រៀមប្រកួតបើកឆាកប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសារបាល់ទាត់ផ្នែកបុរស ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក៏នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៤:០០នាទីរសៀល ពូល A វគ្គសន្សំពិន្ទុ៕

Share.