ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ​ និង​ក្រុម​ឥណ្ឌូណេស៊ី រក​បាន​ជ័យជម្នះ​ដូចគ្នា​ក្នុង​ថ្ងៃ​បើក​ឆាក​​ពូល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ​២០២៣ នៅ​​ល្ងាច​​ថ្ងៃសៅរ៍ ទី​២៩ ខែ​មេសា ឆ្នាំ​២០២៣ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។

សម្រាប់​គូ​បើក​ឆាក​ឥណ្ឌូណេស៊ី បាន​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន ដោយ​លទ្ធផល​៣-០ ខណៈ​ការ​ប្រកួត​​នេះ​ចាប់​ដំណើរការ​ពី​ម៉ោង​៤​ល្ងាច​តទៅ ក្រោម​ការ​ដឹកនាំ​ការ​ប្រកួត​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល Rowan Arumughan ជនជាតិ​ឥណ្ឌា។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ឥន្ទ្រី​ឥណ្ឌូណេស៊ី រក​បាន​ដោយ​កីឡាករ ANANDA RAEHAN ALIEF នៅ​នាទី​៤៥ ខណៈ​កីឡាករ IRFAN JAUHARI នៅ​នាទី​៩០ និង​កីឡាករ MUHAMMAD FAJAR FATHUR RACHMAN នៅ​នាទី​៩០+២។

ចំណែក​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម​ទីម័រខាងកើត ដោយ​លទ្ធផល​៤-០ ខណៈ​ប្រកួត​នេះ​ចាប់​ផ្តើម​ពី​វេលា​ម៉ោង​៧​ល្ងាច​តទៅ ខណៈ​លោក​អាជ្ញាកណ្ដាល Abdullah Jamali ជនជាតិ​គុយវ៉ែត។ កីឡាករ កើត ពេជ្រ រក​បាន​គ្រាប់​បាល់​​២គ្រាប់​បើក​ឆាក​អោយ​ក្រុម​កម្ពុជា នៅ​នាទី​៣៩ និង​៤៥+២ ខណៈ​កីឡាករ ស រតនា រក​បាន​គ្រាប់​ទី៣​នៅ​នាទី​​៧៣ និង​កីឡាករ លឹម ពិសុទ្ធ រក​បាន​គ្រាប់​ចុង​ក្រោយ​នៅ​នាទី​៨២។

សម្រាប់​ការ​ប្រកួត​​បន្ត​នឹង​ដល់​វេន​បើក​ឆាក​ពូល B វិញ​ម្តង នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ ដោយ៖
-ម៉ោង​៤ល្ងាច​ ថៃ ប៉ះ សិង្ហបុរី
-ម៉ោង​៧ល្ងាច វៀតណាម ប៉ះ ឡាវ

Share.