បាត់ដំបង៖ ថ្ងៃដែលពលរដ្ឋក្នុងខេត្តបាត់ដំបងត្រៀមចូលរួមសាទរជាមួយក្បួនដង្ហែរព្រះអគ្គិជ័យកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នឹងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានដង្ហែរចូលដល់នៅរសៀលថ្ងៃទី១ ខែឧសភានេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា៖«រដ្ឋបាលខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់ពិតជាសប្បាយរីករាយចំពោះការទទួលស្វាគមន៍ អបអរសាទរយ៉ាងកក់ក្តៅក្រៃលែងនូវក្បួនដង្ហែរព្រះអគ្គិជ័យកីឡាក្បួនដង្ហែរចូលដល់ភូមិសាស្ត្រខេត្តបាត់ដំបង ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំមិនធ្លាប់មានក្នុងនាមព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។

ព្រះអគ្គិជ័យកីឡា បន្ទាប់ពីដង្ហែរតាមបណ្តោយផ្លូវជាតិលេខ៥ បន្តពីចំណុចព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចូលរួមអបអរសាទរប្រកបដោយមោទកភាពដែលមានការចូលរួមដង្ហែពីថ្នាក់ដឹកនាំខេត្ត មន្ត្រីអ្នកមុខអ្នកការ ក្រុមកីឡាករ កីឡាកាវិនីយ៉ាងកុះករ បន្តឆ្ពោះទៅកាន់វេទិកានៅមុខអគារសារមន្ទីរប្រវត្តិសាស្ត្រសាលាខេត្តបាត់ដំបង ដោយត្រូវឆ្លងកាត់តាមរង្វង់មូលលោកតាដំបងគ្រញូង ដើម្បីរៀបចំពិធីទទួលព្រះអគ្គិជ័យកីឡាមុននឹងបន្តដង្ហែ កាត់តាមផ្លូវលេខ១ ផ្លូវលេខ៣ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ហើយដង្ហែទៅកម្កល់ និងរក្សាទុក ព្រមទាំងរៀបចំពិធីតាមបែបប្រពៃណីព្រះពុទ្ធ សាសនា នៅវត្តពោធិ៍វាល ដើម្បីសុំពរជ័យ និងសុំសេចក្តីសុខជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទូទាំងខេត្តបាត់ដំបង។

មន្ត្រីខាងលើបន្តថា៖«នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែក្បួនបន្តដំណើរទៅកាន់ទឹកដីនៃខេត្តបន្ទាយមានជ័យតាមបណ្តោយផ្លូវជាតិលេខ៥ ដោយត្រូវឆ្លងកាត់ក្រុងបាត់ដំបង និងស្រុកថ្មគោល ខេត្តបាត់ដំបង»៕

ដោយ: ដំបងក្រញូង

Share.