ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ៖«ការរៀបចំព្រឹត្តិការណ៍កីឡា ទោះបីជាល្អយ៉ាងណាក្តី ប្រសិនបើ មិនមានការចូលរួមផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានទេ នោះនឹងបាត់បង់៥០ភាគ​រយហើយ។ ដូច្នេះអ្នកសារព័ត៌មានទាំងអស់ ជាផ្នែកដ៏សំខាន់ ក្នុង​ការជំរុញ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​នេះ​ឱ្យ​ផ្ទុះឡើង»។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី នៅ​ក្នុង​បទសម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន ក្រោយការបើកឱ្យ​ដំណើរការមជ្ឈមណ្ឌលព័ត៌មានកណ្តាល (Main Press Center) នៃ​ពហុ​កីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ សម្រាប់​បម្រើ​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម នៅកម្ពុជា។

ឯកឧត្តមអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ទៀតថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់ ដើម្បីជំរុញឱ្យ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ទទួលបានជោគជ័យ។ អ្នក​សារ​ព័ត៌មាន​ទាំងអស់ជាផ្នែកដ៏សំខាន់ ក្នុងការជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះផ្ទុះឡើង ដើម្បី​បង្ហាញពីមោទកភាពរបស់កម្ពុជាទាំងមូល ហើយជំរុញឱ្យ​មានស្មារតីរួមគ្នា ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ានតែមួយឱ្យ​បានល្អបំផុត»។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា៖«កម្ពុជាធ្លាប់ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​មក​ហើយ ប៉ុន្តែព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺត្រូវបានរៀបចំជាលើកដំបូង ដោយ​មាន​កម្មវិធី​ប្រកួត​ច្រើន​កន្លែង ក្នុងពេលតែមួយ ដោយមានរហូតដល់៥រាជធានីខេត្ត។ វាអាចមានការលំបាក ក្នុង​ការ​ពង្រាយ​កម្លាំង​មនុស្ស និងសម្ភារជាដើម ប៉ុន្តែពេលនេះ យើង​ទទួល​បាន​កិច្ច​សហការ​ពីស្ថានីយ​ទូរទស្សន៍​មួយចំនួនទៀត ដែលយើងបានបែងចែកការងារគ្នាធ្វើ ដូច្នេះខ្ញុំសង្ឃឹមថា យើង​នឹង​អាច​គ្រប់​គ្រង​ការងារ»។

ឯកឧត្តមបានបន្ថែមថា៖ «បើទោះបីជា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំក្តី ប៉ុន្តែ​ការរៀប​ចំនេះ​ប្រៀប​បាន​ដូច​ជា​ផ្លែ​ឈើ​ទុំ​ផ្អែម ដោយមានកម្លាំងមនុស្សគ្រប់គ្រាន់ យើងមានប្រភេទកីឡាច្រើន មាន​ទី​កន្លែង​ហ្វឹក​ហាត់​ច្រើន។ និយាយាជារួម គឺយើងបានរៀបចំគ្រប់គ្រាន់រួចរាល់។ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពីម្សិលមិញ បានលើកឡើងម្តងទៀត ដោយស្នើសុំឱ្យ​ខ្មែរយើង​ធ្វើម្ចាស់​ផ្ទះ​ប្រក​បដោយ​សេចក្តី​ថ្លៃថ្នូរ ហើយបើជួបបញ្ហាត្រូវចេះអត់ធ្មត់ ដោយសំខាន់ផ្តោតលើកីឡា»។

ឯកឧត្តមមានប្រសាសន៍ទៀតថា ទី១ គឺការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាលើកដំបូងនេះ គឺបង្ហាញ​ពីសមត្ថភាពរបស់រាជរដ្ឋាភិបាល និងទី២ បាន​បង្ហាញ​ពីសាមគ្គីភាព​របស់​ប្រជាជន​កម្ពុជា​យើងទាំងមូល ដែលកំពុងខិតខំលើកិច្ចការទាំងអស់នេះ រួម​ទាំង​ការ​ងារ​ផ្សព្វផ្សាយ​ពី​យុទ្ធនា​ការ​សំខាន់ៗ ដូចជាសម្អាតទីក្រុង ការលេងកីឡា និងលើកទឹកចិត្តដល់កីឡាកររបស់យើង។ ដូច្នេះ​ហើយ​ចំពោះផ្នែកផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សព្វ​ផ្សាយ​គ្រប់​ប្រភេទ​កីឡាទាំងអស់ ទោះបីជាគេមើល ឬមិនសូវមើលក្តី ក៏ថតផ្សព្វផ្សាយ នៅ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់ ដែលមានខ្មែរចូលរួមប្រកួត​ប្រជែងផងដែរ៕

ប្រភព៖ CAMSOC

Share.