សិល្បៈជាតិ៖​ ក្រោយពន្លយបទចម្រៀងថ្មីដែលមានចំណងជើងថា «មហានគរ» គេស្រាប់តែឃើញមានមតិជាច្រើនវែកញែកពីរឿងពុម្ពអក្សរដាំក្បាលចុះក្រោម ដោយចោទសួរទៅតារាចម្រៀង G-Devith ថាមានមូលដ្ឋានអ្វីជាសំអាង?

ភាគច្រើនអ្នករិះគន់គឺផ្ដើមចេញពីក្រុមអ្នកស្រឡាញ់វប្បធម៌បុរាណខ្មែរ ដោយពួកគេសម្លឹងឃើញថា ការសរសេរអក្សរ «មហានគរ» នៅក្នុងវីដេអូបទចម្រៀងរបស់លោក G-Devith នោះមិនមានលក្ខណៈក្បួនខ្នាតជាខ្មែរ និងមិនដឹងពីបទដ្ឋាននៃទម្រង់អក្សរនោះស្ថិតក្នុងសម័យកាលណាឱ្យពិតប្រាកដ ទើបម្នាក់ៗទាមទារឱ្យតារាចម្រៀងប្រុសរូបនេះធ្វើការកែតម្រូវឡើងវិញជាបន្ទាន់។

ប៉ុន្តែស្ថិតនៅក្នុងស្មារតីមួយដែលថា ការរិះគន់គឺដេីម្បី​ស្ថាបនា​ ទើបតារាចម្រៀង G-Devith ឆ្លើយតបទាំងយប់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣នេះយ៉ាងលម្អិតបែបនេះ ៖

«ជាដំបូងសូមអរគុណដល់បងប្អូនជនរួមជាតិទាំងមូល សម្រាប់ការស្រលាញ់ និង គាំទ្របទចម្រៀង « មហានគរ (यशोधरपुर Yaśōdharapura )» ចំណុចទី១ គឺ និមិត្តសញ្ញាគូរឡើងថ្មីរបស់អ្នក Design ដោយ inspiration ទម្រង់ចាស់។ អក្សរធំនៅក្នុង Poster គឺពុំមែនយក Font ឬអក្សរសាស្ត្រសម័យកាលណាមួយមកប្រើប្រាស់នោះទេ ដោយហេតុដូច្នោះទើបពួកយើងមានអក្សរតូច ពោលគឺជាអក្សរខ្មែរបច្ចុប្បន្ននៅខាងក្រោម ដើម្បីឱ្យបងប្អូនងាយស្រួលអាន និង យល់អំពីខ្លឹមសារ។ ពួកយើងគោរពការច្នៃប្រឌិត តែក៏ទទួលយកនូវការរិះគន់ដើម្បីស្ថាបនា សូមបងប្អូន កុំទាញចូល ប្រៀបធៀប ឬកត្តាអ្វីផ្សេងទៀត ដែលជាហេតុមិនប្រពៃសម្រាប់បទចម្រៀងមួយនេះ ក៏ដូចជាខ្ញុំបាទផ្ទាល់។ សូមបងប្អូន ជួយលើកទឹកចិត្តជំរុញបន្ថែមស្មារតីនៃការផលិតបទចម្រៀងរបស់ខ្ញុំបន្ថែមទៀត។

ដោយគោលបំណងនៃការផលិតបទនេះ គឺខ្ញុំផលិតដោយមោទកភាព ក៏ដូចជាដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះ Sea Game ដែលជាពេលវេលា ដែលពួកយើងរង់ចាំរយៈពេលជាង ៦០ ឆ្នាំ មកនេះ។ ខ្ញុំសង្ឃឹមថាបងប្អូននឹងយោគយល់ បើកចិត្តមេត្តា ក៏ដូចជាផ្តល់ក្តីស្រលាញ់ចំពោះខ្ញុំបាទ និង ក្រុមកាងារទាំងអស់ដែលបានចូលរួមចំណែក ដើម្បីជាស្មារតីជាតិនៅក្នុងការផលិតស្នាដៃថ្មីបែបនេះបន្ថែមទៀត។ សូមប្អូនជួយចុចចូលមើល Stream បន្ថែមនៅលើ YouTube និង Facebook page សុំកាដូរលើកទឹកចិត្ត ១ លាន views in 24hour។ ជាចុងក្រោយក្នុងនាមខ្ញុំបាទជាអ្នកដឹកនាំក្រុមទាំងមូល ខ្ញុំនឹងសុំពេលធ្វើការកែប្រែឡើងវិញ នូវ video ចម្រៀង ទាំងក្នុង YouTube , Facebook Page និង រូប poster ផ្សេងទៀតដោយក្តីអនុគ្រោះ។ ដោយក្តីគោរពពីខ្ញុំបាទ ងួន ចាន់ ដេវីត»៕

G-Devith

តាមរយៈការបកស្រាយខាងលើនេះ គេសង្ឃឹមថា មហាជននឹងយល់ពីបំណងនៃការច្នៃប្រឌិតរបស់ច្បាស់ ហើយងាកមកគាំទ្រទស្សនាបទចម្រៀងនេះឱ្យដល់ខ្ទង់លាន Views នៅលើយូធូបក្នុងរយៈពេលខ្លី៕

Share.