សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​សម្រេច​ពី​ថ្ងៃ​​ច័ន្ទ ហើយ​ទើប​ប្រកាស​នៅ​​ព្រឹក​ថ្ងៃ​ពុធ ទី៧ ខែ​កក្កដា នេះ​ថា​ពានរង្វាន់​បាល់ទាត់ AFC Cup 2021 នៅ​តំបន់​អាស៊ាន ត្រូវ​រំសាយ​ការ​ប្រកួត​ចោល​ហើយ ដោយ​សារ​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ជា​សាកល។

វិបសាយ​ផ្លូវការ​របស់ AFC បាន​បញ្ជាក់​ថា​ការ​ប្រកួត​តំបន់​អាស៊ាន ស្ថិត​ក្នុង​ពូល G,H,I និង​វគ្គ​ជម្រុះ​ត្រូវ​បាន​រំសាយ​ការ​ប្រកួត​ហើយ ព្រោះ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ មិន​អាច​​រក​ទីកន្លែង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​បាន។ ដូច្នេះ​ក្រុម​បឹងកេត និង​វិសាខា របស់​កម្ពុជា និង​ក្រុម​នានា​នៅ​បណ្តា​ប្រទេស​អាស៊ាន មិន​អាច​ចូល​រួម​ប្រកួត​បាន​នោះ​ទេ។

​ពានរង្វាន់ AFC Cup 2021 មាន​​១០ពូល​ មក​ពី​៥តំបន់​ផ្សេង​គ្នា មាន តំបន់​អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និង​អាស៊ីអាគ្នេយ៍។ ដូច្នេះ​៤​តំបន់​ផ្សេង​ទៀត​បន្ត​សកម្មភាព​ប្រកួត​ធម្មតា ខណៈ​មាន​តែ​តំបន់​អាស៊ី​កណ្ដាល​មួយ​ប៉ុណ្ណោះ មិន​ទាន់​ប្រកួត​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូល រី​ឯ​តំបន់​៣ផ្សេង​ទៀត​ប្រកួត​រួចរាល់​ហើយ៕

Telegram-Troryorng
Share.