ថ្ងៃនេះកាលពី១៣ឆ្នាំមុន(៧ កក្កដា ២០០៨-៧ កក្កដា ២០២១) ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។

បើទោះជាមិនមានពិធីប្រារព្ធពិធីអបអរជាផ្លូវការក្តី ក៏គេសង្កេតឃើញថ្នាក់ដឹកនាំចាប់ពី រាជរដ្ឋាភិបាល រហូតដល់ក្រសួងស្ថាប័ននានា មន្ត្រីរាជការរួមទាំងប្រជាពលរដ្ឋផងដែរបានបង្ហាញសារអបអរតាមរយៈបណ្តាញសង្គម ហ្វេសប៊ុកដោយរំលឹកនូវតម្លៃនៃសម្បត្តិវប្បធម៌របស់ខ្មែរដែលដូនតាបានបន្សល់ទុកឲ្យតាំងពីរាប់រយ ឆ្នាំមកហើយ។

សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងយ៉ាងដូច្នេះថា យើងជាកូនចៅ បានចងចាំនិងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចទាមទារយុត្តិធម៌ នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលបានកាត់ក្តីឱ្យកម្ពុជាយើងឈ្នះប្រទេសថៃក្នុងការគ្រប់គ្រងប្រាសាទ ព្រះវិហារដ៏ពិសិដ្ឋរបស់យើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២

សម្តេចបន្ថែមថា យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែលបាន សាងសង់ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទបុរាណដទៃទៀតជាច្រើន នៅពាសពេញប្រទេសទុកឱ្យកូនចៅរហូតសព្វថ្ងៃនេះ ធ្វើឱ្យអន្តរជាតិ ស្ញប់ស្ញែងចំពោះពូជសាសន៍របស់យើងជាទីបំផុត។

ជាមួយគ្នានេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចបានសរសេរថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២

ប្រាសាព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ ២៣០ គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។

ប្រាសាទនេះត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា៕

Share.