សិល្បៈ​ជាតិ​៖ បទ​ «មហានគរ» របស់​កំពូល​តារា​ចម្រៀង​ Rapper ល្បី​ឈ្មោះ ងួន ចាន់ដេវីដ ហៅ Ditway កំពុង​តែ​ទទួល​បាន​​ប្រជាប្រិយភាពយ៉ាង​ខ្លាំង​​ព្រោះ​ទាំង​ទំនុក​ច្រៀង និង​ទំនុកភ្លេង​​ដែល​​លាយ​បញ្ចូល​រសជាតិ​នៃ​តន្ត្រី​បុរាណនិង​សម័យ ​កាន់​តែ​ធ្វើ​ឱ្យ​បទ​នេះ​ហាក់​មាន​មន្តសណ្តំ​ចិត្ត​អ្នក​ស្ដាប់ឱ្យ​លន្លង់​លន្លោចបាន​ស្ដាប់​ហើយ​ចង់​ស្ដាប់​ទៀត​មិន​ជិនណាយ​។

បទ​ «មហានគរ» ត្បិត​​កើត​មាន​ការ​រិះគន់​ខ្លះ​ ប៉ុន្តែ​ក៏​មិន​អាច​ទាញ​ទំលាក់​ការ​ពេញនិយម​បទ​នេះ​បាន​នោះ​ឡើយ​ ព្រោះ​គ្រាន់​តែ​ចេញ​បាន​ត្រឹម​២​ថ្ងៃ​សោះ​ចំនួន​ទស្សនា​បទ​នេះ​បាន​កើន​ឡើង​រហូត​ជិត​២​លាន​ដង​នៅ​លើ​ Youtube ក្លាយ​ជា​បទ​ Trending រហូត​ធ្វើឱ្យ​មាន​ Youtuber ទាំង​ខ្មែរ​និង​បរទេស បាន​ជ្រើសរើស​យក​បទ​ចម្រៀង​នេះ​ទៅ​ធ្វើ Reaction ព្រោងព្រាត។

បទ​ចម្រៀង​ដែល​លាយ​បញ្ចូល​គ្នា​រវាង​តន្ត្រី​សម័យ​និងបទ​ភ្លេង​បុរាណ​របស់​ខ្មែរ​នេះ​ មិន​ត្រឹម​តែឆាបឆក់​យក​ដួង​ចិត្ត​និង​មនោសញ្ចេតនា​របស់​កូន​ខ្មែរនោះ​ឡើយ​ សូម្បីតែ​ជនបរទេស​ដែល​ជា​អ្នក​ធ្វើ​ Reaction ក៏​បាន​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ដូច​គ្នា​​។

កត្តា​រួម​ផ្សំ​ជាច្រើន​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ចំនួន​ទស្សនា​បទ​ចម្រៀង​នេះ មាន​សន្ទុះ​កើន​ឡើង​ច្រើន​លើស​លប់​ និង​ទទួល​បាន​មតិ​លើក​សរសើរ​ច្រើនពី​សំណាក់​អ្នក​ស្ដាប់​គ្រប់​ស្រទាប់​។

គេ​រំពឹង​ថា​បទ​ចម្រៀង​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ ពី​ប្រវត្តិទឹក​​ដីខ្មែរដ៏​អច្ឆរិយៈ ដែល​ជា​កំណើត​នៃ​ពូជពង្សខ្មែរ​​អំបូរ​នាគ​រាជ​​ដ៏​ពិសិដ្ឋ​ ប្រាកដ​ជា​ក្លាយ​ជា​ផ្ទាំង​ទស្សនីយភាព​​ដ៏​អស្ចារ្យ​មួយ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សិល្បៈ​ វប្បធម៌ និង​អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​ពី​បុរាណ​សម័យ​។

សូម​ទស្សនា​បទ​ចម្រៀង​ «មហានគរ​» របស់​ Ditway ខាង​ក្រោមនេះ​៖

Share.