កំពង់ធំ ៖ កម្មកររុករករ៉ែមាសចំនួន៤នាក់ បានស្លាប់បាត់ជីវិត ក្នុងឧប្បត្តិហេតុ បាត់ស្រុតដីអណ្តូងសង្កត់លើ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចអូរក្រហាក់នៅខាងលិចស្ទឹង ក្នុងតំបន់ស្នងអន ក្នុងភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ម្ចាស់ថៅកែអណ្តូងរ៉ែមានឈ្មោះ ស្វាយ ភឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ មឿន សុខវី អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកកម្មករស្លាប់ទាំង៤នាក់ ៖ ទី១ ឈ្មោះ បៀន ហោ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ។ ទី២ ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់ ។ ទី៣ ឈ្មោះ យឹម ចិត្ត ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ។ទី៤ ឈ្មោះ ពេល វទ្ធី (ហៅតាវ៉ែនតា)ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះទាំង៤នាក់ ជាកម្មករអណ្តូងរ៉ែមាស ស្នាក់នៅចំណុចកើតហេតុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលកម្មករកំពុងបូមរ៉ែមាស ស្រាប់តែបាក់ដីស្រុតរណ្តៅសង្កត់លើជិត ទម្រាំកម្មករនៅខាងលើកកាយ យកជនរងគ្រោះបាន ស្លាប់បាត់ជីវិតទៅហើយ ។សាកសពជនរងគ្រោះទាំង៤នាក់ ក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.