សិល្បៈ​ជាតិ​៖​ តាម​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផេក​ Miss​ Universe​ Cambodia​ បាន​ឱ្យ​ដឹង​ថា​ កំពូល​តារា​ចម្រៀង​ជួរ​មុខ​ប្រចាំ​ផលិតកម្ម​ហង្សមាស​ គឺ​អ្នក​នាង​ ពេជ្រ​ សោភា ​នឹង​មាន​វត្តមាន​ជាពិសេស​ម្ដង​ទៀត​ក្នុង​កម្មវិធី​ការ​ប្រកួត​ Miss​ Universe​ Cambodia​ 2023​។​

​ស្ថាប័ន​ថ្មី​ Miss​ Universe​ Cambodia​ 2023​ បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​នាពេលថ្មីៗនេះនៅ​លើ​ហ្វេសប៊ុក​​​យ៉ាង​ដូច្នេះ​ ៖ «​ តើ​នឹង​មាន​អ្វី​អស្ចារ្យ​កើត​ឡើង ​? ​ក្រោយ​មាន​វត្តមាន​កំពូល​តារាចម្រៀង​អ្នក​នាង​ ពេជ្រ​ សោភា​ Pich​ Sophea​ នៅ​ក្នុង​កម្មវិធី​កញ្ញា​ឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​ 2023​ ។​ អាច​និយាយ​បាន​អ្នក​នាង​ ពេជ្រ សោភា ជា​កំពូល​តារាចម្រៀង​មួយ​រូប​ដែល​តែង​តែ​គាំទ្រ​ នឹង​ជួយ​ជ្រោមជ្រែង​នៃ​កម្មវិធី​បវរកញ្ញា​ថ្នាក់​ជាតិ​ផង​ដែរ​ យើង​ពិត​ជា​មាន​កិត្តិយស​និង​មោទនភាព​បំផុត​ ជាមួយ​នឹង​វត្តមាន​កំពូល​តារា​ចម្រៀង​គ្រាប់​ពេជ្រ​នៃ​តន្ត្រី​មក​កាន់​ Miss ​Universe​ Cambodia​ 2023​»​។​

ជាមួយ​ការ​ប្រកាស​នេះ​ គេ​មើល​ឃើញ​ថា​ ហ្វេន​អ្នកគាំទ្រ​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​វត្តមាន​របស់​កំពូល​តារាចម្រៀង​ស្រី​រូប​នេះ​ ចូល​រួម​ក្នុង​វិស័យ​បវរកញ្ញា​ ព្រោះ​គ្រប់​គ្នា​មើល​ឃើញ​ថា​ ពេជ្រ​ សោភា​ មិនមែន​មាន​តែ​សមត្ថភាព​លើផ្នែកចម្រៀងតែ​មួយ​នោះ​ទេ​ អ្នកនាង​ក៏​មាន​សមត្ថភាព​នឹង​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​រើស​បេក្ខភាព​បវរកញ្ញា​ដែល​ស័ក្ដិសម​ជាមួយ​មកុដ​ពិត​ប្រាកដ​ផង​ដែរ​។

គួរ​រំលឹក​ដែរ​ថា​ កាល​ឆ្នាំ​ ២០២១​ អ្នកនាង​ ពេជ្រ ​សោភា ​ធ្លាប់​ចូល​រួម​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹត​ចំពោះ​បេក្ខភាព​បវរកញ្ញា​ឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​ ២០២១​ ឬ ​Miss​ Universe​ Cambodia​ 2021​ នៅ​រាត្រី​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ ដែល​កាល​នោះ​មកុដ​គឺ​បាន​ទៅ​លើ​អ្នកនាង​ ងិន​ ម៉ារ៉ាឌី​៕​

Share.