ក្រោយ​តារា​ចម្រៀង​ល្បី​លោក​ ឆន សុវណ្ណរាជ​ ​បង្ហាញ​​សកម្មភាព​កាន់​តែ​ជិត​ស្និទ្ធ​ ជាមួយ​នឹង​​អ្នក​នាង​ ស្រីអូន សម្រស់​​ ធម្មជាតិ​ធ្វើ​ឱ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា​ តារា​ចម្រៀង​រូប​នេះ​អាច​នឹង​ចូលរួម​ទ្រនំ​ផលិតកម្ម​រាម​ ព្រោះ​បច្ចុប្បន្ន​​​នេះលោក​​បង្ហាញ​ភាព​​ជិតស្និទ្ធិ​ជាមួយ​នឹង​ម្ចាស់​ផលិតកម្មរាម​ គឺ​អ្នក​នាង​ស្រីអូន​យ៉ាង​ខ្លាំង​​។

សេចក្ដី​សន្និដ្ឋាន​ពី​មហាជន​នេះ​កើត​ឡើង​ក្រោយ​លោក​ បាន​ដើរ​តាមដ​ាន​ជើង​តារា​មួយ​ចំនួន​ដូច​ជា​ លោក ​ប៉ែន ចំរុង ពិសេស​គឺ​អ្នក​នាង​ មាស​ សុខសោភា ​ដែល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្មរាម ដែល​បាន​ទិញ​សិទ្ធិ​ជា​តំណាង​ចែកចាយ​ផលិតផល​របស់​អ្នក​នាង​ស្រីអូន ខណៈ​លោក​ ឆន សុវណ្ណារាជ​ ក៏​ជា​តំណាង​ចែក​ចាយ​មួយ​រូប​របស់​ផលិតផល​អ្នក​នាង​ស្រី​អូន​​មួយ​រូប​ផង​ដែរ។​

​បូក​ផ្សំ​​ជា​មួយ​នឹង​សកម្មភាព​យ៉ាង​សកម្ម​ឃោសនា​លក់​ផលិតផល​ជាមួយ​គ្នា​ជា​ញឹកញាប់​ ថែម​ទាំង​ចុះ​ធ្វើ​សកម្មភាព​លុញ​គ្រាប់​ឈើ​​ ដែល​ផ្ដួចផ្ដើម​ ដោយ​លោក​ តាន់​ គីមសួរ​ ​ជាមួយ​គ្រួសារ​សម្រស់​ធម្មជាតិ​ មាន​ លោក ប៉ែន ចំរុង អ្នក​នាង​ មាស សុខសោភា អ្នកនាង ​ស្រីអូន​ និង​ស្វាមី​​ កាន់​តែ​ធ្វើ​ឱ្យ​មហាជន​ទាញ​សេចក្ដី​សន្និដ្ឋាន​បាន​ថា​លោក​អាច​នឹង​ចូលរួម​ក្នុង​ផលិតកម្ម​ថ្មី​ គ្រាន់តែ​មិន​ទាន់​ប្រកាស​ជា​​ផ្លូវការ​ប៉ុណ្ណោះ​។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ការ​លើក​ឡើង​ខាង​លើ​នេះ​ គឺ​គ្រាន់​តែ​ជា​សេចក្ដី​សន្និដ្ឋាន និង​ ការ​លើក​ឡើង​ពី​សំណាក់​មហាជន​ប៉ុណ្ណោះ​ នៅ​មិន​អាច​សន្មត​បាន​ថា​ជា​ការ​ពិត​បាន​១០០​ភាគ​រយ​នោះ​ទេ ព្រោះ​​សាមី​ខ្លួន​ ទាំង​លោក ឆន សុវណ្ណារាជ និង អ្នក​នាង​ ស្រីអូន​ម្ចាស់​ផលិតកម្ម​រាម​ មិន​បាន​ចេញ​មក​ឆ្លើយ​តប​ ឬ ​បង្ហាញ​ការ​យល់​ឃើញ​ណា​មួយ​ ទៅ​លើ​​ការ​លើក​ឡើង​ទាំង​ឡាយណា​ ពាក់ក់ព័ន្ធ​នឹង​រឿង ​ដែល​មហាជន​កំពុង​តែ​មា​ន​ការ​សង្ស័យ​នៅ​ខណៈ​នេះ​នោះ​ទេ​​​។

សម្រាប់​តារា​ចម្រៀង​លោក​​​ ឆន សុវណ្ណារាជ​ ​ដែល​ជា​ COACH ​មួយ​រូប​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ដ៏​ធំ​ចំនួន​ពីរ​​​គឺ​​ «The Voice Cambodia» និង «Cambodia Idol» បញ្ចាំង​នៅ​លើ​ទូរទស្សន៍​ហង្សមាស​ បាន​ប្រឡូក​ចូល​សិល្បៈ​ដំបូង​តាម​រយៈ​ការ​បង្ហាញ​​មុខ​​ជា​លើក​ដំបូង​ក្នុង​នាម​ជា​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម U2 មុន​នឹង​ផ្លាស់​មក​ចូលរួម​ជា​គ្រួសារ​តារា​ក្នុង​ផលិតកម្ម​ហង្សមាស​ ហើយ​មាន​បទ​ចម្រៀង​​ពីរោះ​ៗ​ ចេញ​មក​បំរើ​អារម្មណ៍​អ្នក​គាំទ្រ​​ជាច្រើន​បទ​ ហើយ​សុទ្ធសឹង​ជា​បទ​ដែល​ល្បី ​និង ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដូច​ជា​បទ​ «ទីក្រុង​គ្មាន​មេឃ» ​«យំប្រាប់​មេឃ» «រឿង​និទាន​មុន​ចូលគេង»​«១ខែ​១០​ថ្ងៃ​» ជា​ពិសេស​បទ​ចម្រៀង​សម្ដែង​ជាមួយ​នឹង​អ្នក​នាង​ ពេជ្រ សោភា «អូន​ទៅ​បាន​បើបងដេញ» ​ជា​ដើម​៕

Telegram-Troryorng
Share.