បាត់ដំបង÷ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្រោយបាញ់បោះសេរីខុសច្បាប់ចំនួន៦០គ្រាប់ជាការបាញ់សាកល្បងនិងស្តារកាណុងកាំភ្លើងដែលទើបទិញថ្មីទុកសម្រាប់ការពារខ្លួន។

កម្លាំងនគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា ក្រោយមានការភ្ញាក់ផ្អើល ពិសេសពលរដ្ឋនៅទីតាំងបង្កហេតុត្រង់ចំណុចវាលស្រែក្នុងក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង លើករណីប្រេីប្រាស់អាវុធខុសច្បាប់ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងអន្តរាគមន៍បង្កាបង្ក្រាបនៃស្នងការនគរបាលខេត្ត បានចុះស្រាវជ្រាវនិងឃាត់ខ្លួនបានយុវជនចំនួន៣នាក់ និងកាំភ្លើងខ្លី០២ដេីមព្រមទាំងរថយន្តជាមធ្យោបាយមួយគ្រឿងផងដែរ។

ជនសង័្សយទាំង០៣នាក់ឈ្មោះធុល សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់ នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្ក្រុងបាត់ដំបង, ឈ្មោះទៀង ច័ន្ទ ឌីណា ភេទប្រុ ស អាយុ៣៥ឆ្នាំ ភូមិចុងទំនប់ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបង និងឈ្មោះសីង កុកឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់ នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ដោយឡែកចំពោះវត្ថុតាងដែលដកហូតបានរួមអាវុធខ្លីមួយដើមម៉ាកRETAY ពណ៌ខ្មៅចំ នួន០២ដេីម បង់មានគ្រាប់មួយចំនួនផង និងរថយន្តមួយគ្រឿងម៉ាកPRUIS ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ស្លាកលេខ ភ្នំពេញ ២BU-៧៦១។

ប្រភពសមត្ថកិច្ចខាងលើបញ្ជាក់បន្តថា÷ ក្រោយការឃាត់ខ្លួនហើយសាកសួរជនបង្កអះអាងថាពួកគេប្រេីប្រាស់ អាវុធចំនួន០៤ដេីម បាញ់អស់ចំនួន៦០គ្រាប់ដើម្បីជាការសាកល្បងអាវុធថ្មីរបស់ពួកគេដែលទេីបទិញបានដើម្បីការពារខ្លួន។ ក្រុមជនសង្ស័យនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣បាននាំគ្នាជិះរយន្តមួយគ្រឿងលុះដល់ទីតាំងកើតហេតុបានបាញ់រះជាប់ៗគ្នាយ៉ាងសប្បាយរីករាយ រួចក៏ចាកចេញពីទីតាំងបង្កហេតុបាត់ ក្រោយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិស្រុក កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនតែម្តងនៅថ្ងៃទី១១ ខែឧសភាម្សិលមិញនេះ។

ករណីដដែលនេះសមត្ថកិច្ចមូលដ្ឋានស្រុកបាណន់គ្រោងនឹងបញ្ជូនសំណុំរឿងមកកាន់ការិយាល័យជំនាញបន្តទៀតក្រោយបញ្ចប់ការសាកសួរបឋមនៅក្នុងមូលដ្ឋានទីតាំងបង្កហេតុ៕

អត្ថបទ៖ ដំបងក្រញូង

Share.