ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣ឆ្នាំ ស្ថិត​នៅ​ក្នុង​ពូល K ជាមួយ​ក្រុម ជប៉ុន និង​កូរ៉េខាងជើង នៃ​វគ្គ​ជម្រុះ​ជើង​ឯក​យុវជន​ក្រោម​អាយុ​២៣ឆ្នាំ​ប្រចាំ​ទ្វីប​អាស៊ី 2022 AFC U-23 Asian Cup ក្រោយ​ចាប់​​ឆ្នោត​ជ្រើសរើស​ពូល​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៩ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​នៅ​ស្នាក់ការ​កណ្ដាល​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

ការ​ប្រកួត 2022 AFC U-23 Asian Cup នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អ៊ូបេគីស្ថាន ចន្លោះ​ថ្ងៃ​ទី​១​ដល់​១៩ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ ដែល​ជ្រើសរើស​យក​ក្រុម​ខ្លាំង​មក​ពី​​វគ្គ​ជម្រុះ។ វគ្គ​ជម្រុះ​បែងចែក​ជា​២​តំបន់​គឺ​អាស៊ីខាង​លិច និង​អាស៊ី​ខាង​កើត។

វគ្គ​ជម្រុះ​នេះ​រៀបចំ​ប្រកួត​ពី​ថ្ងៃ​ទី​២៣ ដល់​៣១ ខែ​តុលា ឆ្នាំ​២០២១ ដែល​មាន​៤២​ក្រុម​ចូលរួម​ប្រកួត ដែល​បែងចែក​ជា​​១១​ពូល។

ក្នុង​វគ្គ​ជម្រុះ​នាពេល​កន្លង​ទៅ កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូល H តែ​ចាញ់​អូស្ត្រាលី ៦ទល់០ ហើយ​បន្ត​ចាញ់​កូរ៉េខាងត្បូង ៦ទល់១ និង​​ស្មើ​តៃវ៉ាន់ ១ទល់១។ ពូល H នេះ​ កូរ៉េខាងត្បូង និង​អូស្ត្រាលី ឡើង​ទៅ​ជុំ​បន្ទាប់​ដែល​ធ្វើ​នៅ​ប្រទេស​ថៃ ហើយ​កូរ៉េខាងត្បូង ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​តែ​ម្ដង។

ពានរង្វាន់​នេះ​រៀបចំ​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១៣ ហើយ​ក្រុម​អ៊ីរ៉ាក់ ជប៉ុន អ៊ូបេគីស្ថាន និង​កូរ៉េខាងត្បូង ឈ្នះ​ជើង​ឯក​ម្នាក់១លើក៕

Telegram-Troryorng
Share.