គោរមងារឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ាត្រូវផ្ដល់ជូនរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណបំណាច់នៃការចូលរួមអភិវឌ្ឍន៍ និងកសាងជាតិរបស់រូបវន្តបុគ្គលម្នាក់ៗនោះ។ នេះបើតាមកថាខណ្ឌទី១ មាត្រា៦ នៃជំពូកទី៤ នៃសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា។ គឺជំពូកទី៤នេះហើយដែលបានចែងអំពីលក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់គោរមងារឧកញ៉ា។

មាត្រា៦ នៃជំពូកទី៤ បានលម្អិតទៀតថាគុណបំណាច់នៃការចូលរួមអភិវឌ្ឍ និងកសាងសង្គមជាតិ មានជាអាទិ៍ ការផ្ដល់អំណោយជាថវិកា ការចូលរួមបរិច្ចាគធនធានទ្រសម្បត្តិ សម្ភារបរិក្ខានានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដែលក្នុងនោះមានជាអាទិ៍ផ្លូវ សាលារៀន វត្ត ស្នាដៃពិសេសក្នុងវិស័យណាមួយ ឬរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។

សម្រាប់ទំហំទឹកប្រាក់នៃអំណោយជាថវិកា តម្លៃសរុបនៃការផ្ដល់អំណោយ ស្នាដៃពិសេស និងរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗដែលត្រូវផ្ដល់ជូនគោរមងារឧកញ៉ាលំដាប់ណាមួយ ព្រះរាជក្រឹត្យបានចង្អុលថានឹងមានចែងក្នុងអនុក្រឹត្យដាច់ដោយឡែកមួយទៀត។ យ៉ាងណាក៏ដោយក្រៅពីលក្ខខណ្ឌដូចបានបញ្ជាក់ខាងលើ ព្រះរាជក្រឹត្យក៏បានតម្រូវឱ្យមានលក្ខណៈសម្បត្តិមួយចំនួនទៀតដែរ។

លក្ខណៈសម្បត្តិនៃបុគ្គលត្រូវទទួលបានគោរមងារជាឧកញ៉ា ត្រូវមានលក្ខណៈសម្បត្តិ៤ប្រការ រួមមាន មានប្រវត្តិរូបច្បាស់លាស់ មានអាកប្បកិរិយាទល្អ មិនធ្លាប់ត្រូវបានផ្ដន្ទាទោសបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ និងប្រកបមុខរបរច្បាស់លាស់។

សូមបញ្ជាក់ថានាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា មុននឹងដាក់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសម្រេច និងចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រ។

សម្ដេចបានរម្លឹកថាតួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្លេះ ប៉ុន្តែតាមការស្រាវជ្រាវបង្ហាញថានាសម័យនោះ តម្លៃឬតួនាទីជាឧកញ៉ា មានការខុសប្លែកពីសម័យបច្ចុប្បន្ន ដ្បិតឧកញ៉ានាពេលនោះសំដៅលើតួនាទីអ្នកដឹកនាំ មន្រ្តី ឬឥស្សរជនជាន់ខ្ពស់កាន់កិច្ចការជាតិ ឧទាហរណ៍ឧកញ៉ាចតុស្ដម្ភទាំង៤រូប។

សម្ដេចក្រឡាហោម ស ខេង បានទាញយកខ្លឹមសារក្នុងសៀវភៅរបស់លោកស្រី ត្រឹង ងា ដែលបានបានបញ្ជាក់អំពីតួនាទីឧកញ៉ាចតុស្ដម្ភទាំង៤ រួមមានឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឧកញ៉ាក្រឡាហោម រដ្ឋមន្រ្តីខាងទ័ពជើងទឹក, ឧកញ៉ាវាំង រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងឧកញ៉ាចក្រី រដ្ឋមន្រ្តីខាងកងទ័ពជើងគោក។

សម្ដេចក្រឡាហោម បានបន្ថែមថាបច្ចុប្បន្ន កម្ពុជាមានអនុក្រឹត្យមួយពាក់ព័ន្ធនឹងឧកញ៉ាដែរ ហើយរដ្ឋក៏បានផ្ដល់គោរមងារឧកញ៉ាជូនសប្បុរសជនមានទឹកចិត្តសប្បុរសជួយជាតិ និងប្រជាជន ហើយក៏មានលំដាប់ឧកញ៉ាចំនួន៣ដែរដែលរួមមាន ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ព្រមទាំងមានសមាគមធ្វើការងារពាក់ព័ន្ធនឹងឧកញ៉ាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។

សម្រាប់សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាព្រះរាជក្រឹត្យនេះ បានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ា ដើម្បីផ្ដល់ការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍន៍ និងកសាងជាតិមាតុភូមិ។

សម្ដេចបញ្ជាក់ទៀតថាព្រះរាជក្រឹត្យនេះ ក៏បានកំណត់អំពីការគ្រប់គ្រង និងការបញ្ចប់គោរមងារឧកញ៉ាដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទំលាប់ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយព្រះក្រឹត្យនេះក៏បានកំណត់គោរមងារឧកញ៉ាជា៣លំដាប់ដែរ គឺលំដាប់ទី១-លោកអ្នកឧកញ៉ា លំដាប់ទី២-អ្នកឧកញ៉ា និងលំដាប់ទី៣-ឧកញ៉ា។

យោងតាមសេចក្ដីព្រាង ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មាន១០ជំពូក ចែងអំពីបទប្បញ្ញត្តិទូទៅ ស្ថាប័នមានសមត្ថកិច្ច លក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់គោរមងារឧកញ៉ា យន្តការវាយតម្លៃ ឯកសណ្ឋានផ្លូវការរបស់គោរមងារ សិទ្ធិ និងកាតព្វកិច្ច ការបញ្ចប់គោរមងារ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ៕

Share.