យោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុបានធ្វើឲ្យរលកកម្ដៅកើនឡើងដ៏សាហាវបំផុតនៅក្នុងប្រទេស បង់ក្លាដែស ឥណ្ឌា ឡាវ និង ថៃកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

ផ្នែកខ្លះនៃប្រទេសឥណ្ឌាបានជួបប្រទះសីតុណ្ហភាពលើសពី ៤៤អង្សារសេ នៅពាក់កណ្តាលខែមេសា ដោយបណ្ដាលឲ្យមនុស្សយ៉ាងតិច ១១នាក់បានស្លាប់ នៅជិតទីក្រុងបុមបៃ ដោយសារឈរនៅកណ្ដាលថ្ងៃក្ដៅ ហើយបណ្ដាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។

ចំណែកនៅប្រទេស បង់ក្លាដែស ក្នុងទីក្រុង ដាកា បានទទួលរងនូវកម្ដៅថ្ងៃដ៏ក្តៅបំផុតក្នុងរយៈពេលជិត ៦០ឆ្នាំ។

ដោយឡែកនៅខេត្ត Tak ក្នុងប្រទេសថៃ បានជួបប្រទះសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានរបស់ខ្លួនគឺ ៤៥.៤អង្សារសេ ដោយបណ្ដាលឲ្យមនុស្ស ២នាក់ត្រូវបានរាយការណ៍ថា ស្លាប់ ខណៈខេត្ត Sainyabuli ក្នុងប្រទេសឡាវមានសីតុណ្ហភាពឡើងដល់ ៤២.៩អង្សាសេ ដែលជាកំណត់ត្រាសីតុណ្ហភាពជាតិ។

ការសិក្សាថ្មីដោយអ្នកវិទ្យាសាស្ត្រអាកាសធាតុអន្តរជាតិ បានពិនិត្យមើលសីតុណ្ហភាពអតិបរមាជាមធ្យម និងសន្ទស្សន៍កំដៅអតិបរមា ដែលរួមមានសំណើមក្នុងអាកាសផងដែរ។

WWA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅក្នុងតំបន់ទាំងពីរ អ្នកស្រាវជ្រាវបានរកឃើញថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យរលកកំដៅកើនឡើងយ៉ាងហោចណាស់ ៣០ដង ដោយបន្ថែមសីតុណ្ហភាពយ៉ាងហោចណាស់ ២អង្សារសេទៀត ធ្វើឲ្យក្តៅជាងមុន ហើយនឹងមានការប្រែប្រួលអាកាសធាតុ»។ WWA បន្ថែមថា «រហូតដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាំងមូលត្រូវបានបញ្ឈប់ សីតុណ្ហភាពសកលនឹងបន្តកើនឡើង ហើយព្រឹត្តិការណ៍បែបនេះនឹងកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ»។

យោងតាមការវិភាគក៏បានរកឃើញដែរថា ព្រឹត្តិការណ៍បែបនេះនៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស ដែលពីមុនមានម្តងក្នុង ១សតវត្ស ឥឡូវនេះអាចត្រូវបានគេរំពឹងថានឹងកើតមានរៀងរាល់៥ឆ្នាំម្តង ដោយសារតែការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីមនុស្ស។

សម្រាប់ប្រទេសឡាវ និងប្រទេសថៃ ប្រសិនបើសីតុណ្ហភាពសកលកើនឡើង ២អង្សារសេ ដូចនឹងកើតឡើងក្នុងរយៈពេលប្រហែល ៣០ឆ្នាំ ប្រសិនបើការបំភាយឧស្ម័នមិនត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស នោះព្រឹត្តិការណ៍ធ្ងន់ធ្ងរបែបនេះ អាចកើតឡើងរៀងរាល់ ២០ឆ្នាំម្តង។

លោកស្រី Friederike Otto នៃវិទ្យាស្ថាន Grantham សម្រាប់ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ដែលបានចូលរួមនៅក្នុងការសិក្សាបាននិយាយថា «យើងឃើញម្តងហើយម្តងទៀតថា ការប្រែប្រួលអាកាសធាតុបង្កើនប្រេកង់ និងអាំងតង់ស៊ីតេ នៃរលកកំដៅយ៉ាងខ្លាំង ដែលជាព្រឹត្តិការណ៍អាកាសធាតុដ៏សាហាវបំផុតនៅទីនោះ»។ លោកស្រីបានបន្ថែមថា «ទោះជាយ៉ាងណា ផែនការសកម្មភាពកំដៅទើបតែត្រូវបានណែនាំបន្ដិចម្ដងៗ នៅទូទាំងពិភពលោក ដូច្នេះយើងត្រូវតែសម្របតាម»។

យ៉ាងណាម៉ិញ នៅថ្ងៃ អនាគត បាតុភូតផ្សេងទៀតដូចជា គ្រោះរាំងស្ងួត ព្យុះព្រិល ព្យុះត្រូពិច និង ភ្លើងឆេះព្រៃ គឺមានភាពស្មុគស្មាញជាងនេះទៅទៀត៕

ប្រភព៖ CNA

Share.