អភិបាលរដ្ឋ Montana លោក Greg Gianforte កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានចុះហត្ថលេខាលើច្បាប់ដើម្បីហាមឃាត់មិនឲ្យប្រើប្រាស់គណនី TikTok ដែលគ្រប់គ្រងដោយចិនពីប្រតិបត្តិការនានានៅក្នុងរដ្ឋ ដែលធ្វើឱ្យវាក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិកដែលហាមឃាត់កម្មវិធីវីដេអូខ្លីដ៏ពេញនិយម។

Montana នឹងធ្វើឱ្យវាក្លាយជារឿងខុសច្បាប់ចំពោះកម្មវិធីរបស់ Google និង App Store ដែលដាក់កម្មវិធី TikTok ឲ្យ Download ប៉ុន្តែវាមិនហាមឃាត់ពីការប្រើប្រាស់នោះទេ ចំពោះអ្នកណាដែលមានកម្មវិធី TikTok រួចហើយ។

TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance មិនបានឆ្លើយតបទៅនឹងសំណួររបស់ Reuters ដែលសួរថា តើខ្លួនមានគម្រោងចាត់វិធានការផ្លូវច្បាប់ដែរឬទេចំពោះបញ្ហានេះ។

ខណៈ TikTok បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ច្បាប់ថ្មី «រំលោភលើសិទ្ធិវិសោធនកម្មលើកទី១ នៃពលរដ្ឋ Montana ដោយសារការហាមឃាត់ដោយខុសច្បាប់លើការប្រើប្រាស់កម្មវិធី TikTok» ហើយបាននិយាយថាក្រុមហ៊ុននឹង «បន្តធ្វើការដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់របស់យើងទាំងក្នុង និងក្រៅរដ្ឋ Montana»។

TikTok ដែលមានអ្នកប្រើប្រាស់ជាជនជាតិអាមេរិកជាង ១៥០លាននាក់ បានប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងពីសមាជិកសភា និង មន្ត្រីរដ្ឋរបស់សហរដ្ឋអាមេរិក ដើម្បីហាមឃាត់កម្មវិធីនេះនៅទូទាំងប្រទេស ជុំវិញការព្រួយបារម្ភអំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិនដែលមានសក្តានុពលលើវេទិកានេះ។

ទន្ទឹមនោះ TikTok បានស្ថិតនៅក្រោមការត្រួតពិនិត្យពីអាជ្ញាធរជុំវិញពិភពលោក ពាក់ព័ន្ធក្តីព្រួយបារម្ភថា ទិន្នន័យរបស់អ្នកប្រើ អាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលចិន ព្រោះតែកម្មវិធីនេះបានក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់យុវវ័យ។

អភិបាលរដ្ឋ Montana លោក Gianforte មកពីគណបក្សសាធារណរដ្ឋ បានប្រាប់សមាជិកសភាថា «ការហាមឃាត់កាន់តែទូលំទូលាយ នឹងជួយឲ្យយើងការពារពលរដ្ឋ Montana ពីការឃ្លាំមើលរបស់គណបក្សកុម្មុយនិស្តចិន កាន់តែរឹងមាំជាងមុន»។ យ៉ាងណាក្រុមហ៊ុន TikTok ត្រូវបានគេរំពឹងថា នឹងជំទាស់ចំពោះច្បាប់នេះ នៅក្នុងតុលាការ។

សូមជម្រាបថា ការហាមប្រាមនេះ ត្រូវចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ហើយស្ទើរតែប្រាកដក្នុងការប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់៕

ប្រភព៖ CNA

Share.