យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលបានបំផ្លិចបំផ្លាញភាគឦសាន្ដ ប្រទេស អ៉ីតាលី បានកើនឡើងដល់ ១៣នាក់ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជំរុញឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារទឹកជំនន់បានបំផ្លាញដំណាំ និង ផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ បាន​និង​កំពុង​ស្វែង​រក​អ្នក​ដែល​ជាប់ក្នុង​ទឹក​ជំនន់​នៅ​ក្នុង​តំបន់ Emilia Romagna។ ខណៈអាជ្ញាធរមិនទាន់បានបញ្ជាក់ពី​ការ​កើន​ឡើង​ចុង​ក្រោយនៃ​ការ​ស្លាប់​របស់មនុស្សទាំង ១១នាក់​ ដែល​បាន​ប្រកាស​កាល​ពី​មុន​នោះ​ទេ។

​​​​ប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីបានរាយការណ៍ថា ក្នុងចំណោមជនរងគ្រោះមានកសិករ២នាក់ ក្នុងវ័យ ៧០ឆ្នាំ ប្រហែលជាត្រូវចរន្តអគ្គិសនីឆក់ ពេលកំពុងព្យាយាមរើទូរទឹកកកនៅខាងក្នុងផ្ទះដែលលិចទឹក។

ក្រុមមន្រ្តីក្នុងតំបន់បាននិយាយថា មនុស្សប្រមាណជា ១០,០០០នាក់ បានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេរួចហើយ ខណៈភូមិចំនួន ៣ទៀត កំពុងត្រូវបានគំរាមកំហែងដោយទឹកជំនន់។

អាជ្ញាធរបាននិយាយថា អគ្គិសនីត្រូវបានស្ដារឡើងវិញមួយផ្នែក ប៉ុន្តែមនុស្សប្រហែល ២៧,០០០នាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ។

ទន្លេ និងស្ទឹង ប្រហែលជាង១០ បានជន់លិចនៅទូទាំងភាគអាគ្នេយ៍នៃតំបន់ទំនាប Emilia Romagna បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីដើមសប្តាហ៍នេះ ដោយបានជន់លិចភូមិ និង ដីស្រែចំការទាំងមូល រួមទាំងបង្កការខូចខាតផ្លូវចំនួន៤០០ខ្សែផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ កងកម្លាំងប្រដាប់អាវុធ និង ឆ្មាំសមុទ្ររបស់អ៉ីតាលី បានចូលរួមកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ ដោយការដាក់ពង្រាយឧទ្ធម្ភាគចក្រដើម្បីនាំយកអ្នកស្រុកចេញពីផ្ទះរបស់ពួកគេ និង ប្រើប្រាស់ទូកដើម្បីចូលទៅដល់ផ្ទះដែលហ៊ុមព័ទ្ធជុំវិញដោយទឹកជំនន់៕

ប្រភព៖ CNA

Share.