សួន ចាន់ណារ៉ូ កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា និងប្រធានក្រុម បានបង្ហើបពីផែនការ ក្រោយ​ចូល​និវត្តន៍ពីអាជីពជាកីឡាករបាល់ទះ ក្រោយ​ចប់​ស៊ីហ្គេម​នៅ​ភ្នំពេញថា ខ្លួន​នឹង​បំពេញ​ការ​ងារ​បម្រើស​ដល់​អង្គភាព និង​មួយ​ទៀត​ធ្វើ​ជា​គ្រូនៅក្លិបបាល់ទះវិសាខា។

អ្នកប៉ះសេ​ឆ្នើម បានសម្រេច ចិត្ត​យ៉ាង​ច្បាស់​លាស់​ជុំវិញ​អាជីពរបស់ខ្លួន ដោយកំណត់ថា នឹងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ ព្រម​ទាំង​ចែក​ផ្លូវ​ជាមួយ​ក្លិបបាល់ទះវិសាខា ក្រោយ​ពេល​បំពេញ​ភារកិច្ច​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ចប់រួចរាល់។

រំលឹកថា សួន ចាន់ណារ៉ូ បានចូលប្រឡូកអាជីពកីឡាបាល់ទះ នៅឆ្នាំ២០១២ ដោយ​ចូល​ដំបូង​លេង​ឱ្យក្លិប​បាល់​ទះកង​ពលធំអន្តរាគមន៍លេខ៣ តែ​ក្រោយ​មក​ក៏បាន​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប​សសយក​ខេត្ត​ព្រៃវែង ហើយក្លិបនេះក៏បានប្ដូរឈ្មោះមកជាក្លិបវិសាខា ដល់បច្ចុប្បន្ន។

អ្នក​លើក​បាល់​របស់​កម្ពុជា​រូប​នេះ បាន​ជាប់ជម្រើសជាតិ នៅឆ្នាំ២០១៥ និង​បាន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ក្រៅ​ប្រទេស​សរុប​បាន​ចំនួន ៣លើក គឺស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ស៊ីហ្គេម ឆ្នាំ​២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម។

គួរបញ្ជាក់ថា ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ឈាន​ទៅកាន់​វគ្គផ្ដាច់​ព្រ័ត្រជួប ឥណ្ឌូណេស៊ី តែត្រូវ​បាន​រងបរាជ័យ ក្នុង​លទ្ធផល ៣សិតទល់និង០ បាន​ត្រឹម​មេដាយប្រាក់ នាថ្ងៃទី០៨ ខែឧសភា ក្នុងពហុកីឡដ្ឋានជាតិ៕

Share.