ភ្នំពេញ៖យុវជនបីនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានក្មេងស្ទាវមួយក្រុម យកដុំថ្មនិងដបគប់ មកលើបណ្តាលឲ្យដួលម៉ូតូ។ ហេតុការណ៍នេះកើតឡើងកាល វេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី១៩ខែឧសភាឆ្នាំ២០២៣ត្រង់ ចំណុច ជិតស្តុប វត្តចាក់អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយមានក្មេងស្ទាវពីរក្រុមបានវ៉ៃគ្នាមួយប្រាវហើយភ្លាមៗនោះមួយក្រុមក៏បានចាកចេញពីកន្លែងកើតហេតុបាត់។មួយសន្ទុះក្រោយមកស្រាប់តែឃើញយុវជនបីនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងឌុបគ្នា តាមបណ្ដោយផ្លូវជាតិ លេខ២ ទិសដៅពីភ្នំពេញទៅតាខ្មៅ ខណៈមកដល់ចំណុចកើត ហេតុខាងលើដោយភាគី ម្ខាងឈរចាំស្មានតែបក្ខពួកតែមួយក៏នាំគ្នាយកដុំថ្មនិងដបគប់មកលើយុវជនទាំងបីនាក់បណ្ដាលឲ្យដួលម៉ូតូ ចំណែកឯយុវជនម្នាក់រត់ចេញពីកន្លែងកើតហើយនៅសល់ពីរនាក់ រងរបួស ធ្ងន់មួយស្រាលមួយ ក្រោយពីធ្វើសកម្មភាពហើយ ក្មេងស្ទាវមួយក្រុមនោះក៏បាន រត់ចែកជើងគ្នា ចេញពីកន្លែងកើតហេតុបាត់អស់នៅសល់តែយុវជនពីរនាក់រងរបួសស្រាល និងម្នាក់ទៀតធ្ងន់ហើយក៏បានលើកម៉ូតូដឹកគ្នាទៅមន្ទីរពេទ្យបាត់ទៅ។ចំណែកឯម្នាក់ទៀតក៏នាំសមត្ថកិច្ចនិងអ្នកសាព័ត៌មានត្រឡប់មកកន្លែងកើតហេតុវិញ។ស្រាប់តែអត់ឃើញយុវជនពីរនាក់ដែលរងរបួសនោះទេឃើញតែស្នាមឈាមពេញផ្លូវតែប៉ុណ្ណោះ។

ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានចុះមកដល់កន្លែងកើតហេតុបានប្រមូលបានដាវមួយដើមកាំបិតប៉័ងតោមួយដើមនិងដែកវែងមួយដើមដែលក្រុមក្មេងស្ទាវបានគប់មកលើយុវជនទាំងបីនាក់នោះទុកចោលនៅកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចក៏យកវត្ថុតាងទាំងបីដើមនេះដើម្បីធ្វើការស្រាវជ្រាវរកជនដៃដល់នៅពេលក្រោយ៕

អត្ថបទ៖វិច្ឆិកា

Share.