កំពង់ស្ពឺ ៖ រថយន្តសេរីទំនើបមួយគ្រឿង ម៉ាកAUDI Q7 បើកបរលើផ្លូវល្បឿនលឿន ស្រាប់តែឆ្លងភ្លើងឆាបឆេះខ្ទេច សល់តែគ្រោងដែក ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥១-៥២ ត្រង់ចំណុចភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

រថយន្តរងនូវអគ្គិភ័យឆាបឆេះ ម៉ាកAUDI Q7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8878 បើកបរដោយឈ្មោះ ដឹប សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកបរលើផ្លូវល្បឿនលឿន ពីកើតទៅលិច (ភ្នំពេញ-ក្រុងព្រះសីហនុ) ដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆាបឆេះសន្ធោសន្ធៅ ម្ចាស់ចុះចេញទាន់ ផ្អើលខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ចេញទៅជួយបាញ់ទឹកពន្លត់ភ្លើង រួចស្ទូចយកទៅរក្សាទុកនៅស្នាក់ការK26 របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន កំពង់ស្ពឺកើត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.