អាជ្ញាធរ​របស់​កោះ​ហុងកុង នៅ​ថ្ងៃ​អង្គារ ទី​​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ ថ្មីៗនេះ បាន​ចាប់​ខ្លួន​​មនុស្ស​មួយ​ចំនួន បូកទាំងកីឡាករ​រហូត​ដល់​១១នាក់​មក​ពី​ក្រុម​តែ​មួយ​ ក្រោយ​ស៊ើបអង្កេត​រក​ឃើញ​ថា​មាន​ពាក់ព័ន្ធ​នឹង​​លក់​គ្រាប់​បាល់​អំឡុង​ការ​ប្រកួត នៅ​ក្នុង​លីគ​កំពូល​​និង​លីគ​ទី២​របស់​ខ្លួន នា​ពេល​កន្លង​ទៅ។

​សារព័ត៌មាន​ scmp របស់​ហុងកុង បាន​បញ្ជាក់​ថា​​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ​២៣នាក់ បូក​ទាំង​កីឡាករ​និង​គ្រូ​បង្វឹក​ចំនួន​១១​នាក់ ទាក់ទង​នឹង​ករណី «លក់​គ្រាប់​បាល់» ខណៈ​ភាគ​ច្រើន​គឺ​ជា​មនុស្ស​មាន​វ័យ​ចន្លោះ​ពី​២៥​ដល់​៣៦​ឆ្នាំ។

មន្រ្តី​របស់​គណៈកម្មការ​ឯករាជ្យ​ឆ្នាំ​នឹង​អំពើ​ពុករលួយ​របស់​ហុងកុង បាន​​​បញ្ជាក់​ថា​នេះ​ជា​ការ​បង្រ្កាប​ផ្ទៃក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​នេះ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ភស្តុតាង​ដែល​រក​ឃើញ​បឋម បញ្ជាក់​ថា​​កីឡាករ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​១ម៉ឺន​ដុល្លារ​ហុងកុង (១២០០ដុល្លារ​អាមេរិក) ពី​ការ​ប្រកួត​នីមួយ​ៗ​ដែល​ខ្លួន​បាន​ពាក់ព័ន្ធ។​

«ក្នុង​ការ​ប្រកួត​មិន​បាន​បញ្ជាក់​ថា​ពួក​គេ​បង្ហាញ​សមត្ថភាព​ល្អ​លើ​ទីលាន​ប៉ុណ្ណា​នោះ​ទេ ទៅ​ជា​បង្ហាញ​ថា​ពួក​គេ​បន្លំ (សម្តែង​បោកប្រាស់) បាន​ឱ្យ​បាន​ល្អ ឬ ពួក​គេ​អាច​ជួយ​រៀបចំ​លទ្ធផល​ដែល​គេ​កំណត់​ទុក​បាន​ត្រឹមត្រូវ​ប៉ុណ្ណា​វិញ»។ មន្រ្តី​បន្ថែម។

ការហ្វឹកហាត់របស់ក្រុម ក្រុម Happy Valley កន្លងទៅ

មិន​មាន​អ្នក​ណា​បញ្ជាក់​ពី​​ឈ្មោះ​ក្រុម​ដែល​មាន​កីឡាករ​និង​គ្រូ​បង្វឹក​ពាក់ព័ន្ធ នឹង​ការ​«លក់​គ្រាប់​បាល់»​នេះ​នោះទេ ប៉ុន្តែ​បើ​តាម​ប្រភព​ក្នុង​ស្រុក​របស់​ហុងកុង មួយ​​ទៀត បញ្ជាក់​ថា​អ្នក​ដែល​ឃាត់​ខ្លួន​នោះ គឺ​ចេញ​ពី​ក្រុម Happy Valley ដែល​ជា​ក្រុម​មាន​វ័យចំណាស់​ជាងគេ​នៅ​ហុងកុង។ ក្រុម Happy Valley ​ប្រកួត​នៅ​ក្នុង​លីគ​ទី២​របស់​ហុងកុង ចំនួន​២៦​លើក ឈ្នះ​បាន​តែ​៨លើក​ប៉ុណ្ណោះ ក្នុង​រដូវកាល​ឆ្នាំ​២០២២-២៣ របស់​ខ្លួន។

សមត្ថកិច្ច​នៅ​មិនទាន់​បង្ហាញ​ពី​ទិន្នន័យ​​ចំនួន​ទឹកប្រាក់​ជុំវិញ​​ករណី«ភ្នាល់» នេះ​នៅ​ឡើយ​នោះ​ទេ ដោយ​គ្រាន់​តែ​ថា​បញ្ជាក់​ថា​ខ្លួន​កំពុង​ស៊ើបអង្កេត​បន្ត៕

Share.