សិល្បៈជាតិ​៖ អតីត​តារា​សម្ដែង​ហុងកុង​អ្នក​ស្រី​ Michelle Ye វ័យ​ ៤៣​ឆ្នាំ ដែល​អ្នក​គាំទ្រ​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ក្នុង​ភាពយន្ត​ហុងកុង​ដ៏​ល្បីល្បាញ​រឿង​ «Eternal Happiness (2002) Triumph in the Skies (2003) និង​ Lost in the Chamber of Love (2005)»

ក្រោយ​បញ្ចប់​កុងត្រាជាមួយ​ទូរទស្សន៍​ TVB កាល​ពី​ឆ្នាំ​២០០៥ អ្នក​ស្រី​ Michelle ចាប់​ផ្ដើម​បង្ហាញ​វត្តមាន​ជា​ច្រើន​ក្នុង​ពិភព​ភាពយន្ត​ខ្នាត​ធំ​ ក្នុង​នោះ​មាន​រឿង​បែប​វាយ​តប់​គ្នា​ Accident (2009) ផងដែរ។ តារា​ស្រី​រូប​នេះ​ក៏​បាន​ឈ្នះ​ពាន​​តារា​សម្ដែង​រង​ស្រី​ល្អ​បំផុត​ក្នុង​កម្មវិធី​ Hong Kong Film Awards ដោយ​សារ​ភាពយន្ត​នេះដូច​គ្នា​ដែរ​។

តារាសម្ដែង​ដែល​ចេញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​របស់​ប្រទេស​ចិន​ជា​ញឹកញាប់​​រូប​នេះ​ ថ្មីៗ​នេះ​បាន​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​បុរាណ​បែប​ប្រវត្តិសាស្ត្រ​របស់​ចិន​មាន​ចំណងជើង​ថា​​ «Madam Xian» ប៉ុន្តែ​រឿង​ភាគ​ថ្មី​នេះ​មិន​ត្រឹម​តែ​មិន​ទទួល​បាន​ពាក្យ​សរសើរ​ ថែម​ទាំង​មាន​តែ​ពាក្យ​រិះគន់​ ព្រោះ​នៅ​ដើម​សាច់​រឿង​តួ​អង្គ​ដែល​ Michelle សម្ដែង​គឺជា​តួអង្គ​ដែល​មាន​វ័យ​១៨​ឆ្នាំ​ ខណៈ​ដែល​តារា​សម្ដែង​ដៃ​គូ​ក្នុង​រឿង​របស់​អ្នក​ស្រី​គឺ​លោក​ Ren Zhong វ័យ​៤៤​ឆ្នាំ​ ក៏​​សម្ដែង​ជា​តួអង្គ​ក្មេង​ដែល​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ​ដែរ។

រូបភាព​​ខាង​ក្រោម​នេះ​ គឺជា​រូប​ដែល​អ្នក​គាំទ្រ​លើក​យក​មក​ជជែក​និង​សម្ដែង​ការ​មិន​ពេញចិត្តការ​មនុស្ស​ខ្ទង់​៤០​ មក​សម្ដែង​ជា​ក្មេង​ខ្ទង់​២០​ទៅវិញ​។ ក្នុង​នោះ​អ្នក​លេង​បណ្ដាញសង្គម និង​អ្នក​ទស្សនា​មួយ​ចំនួន​បាន​លើក​ឡើង​ថា​៖ «ខ្ញុំ​មិន​ចង់​មើល​ឈុត​ឆាក​ស្នេហា​របស់​មនុស្ស​ចាស់​នោះ​ទេ​» «បើ​កុហក​ខ្លួន​ឯង​វា​ល្អជាង​​អ្នក​នាំគ្នា​កុហក​អ្នក​ទស្សនា​»។នេះ​គ្រាន់​តែ​ជា​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​ដែល​សារព័ត៌មាន​នៅ​ប្រទេស​ចិន​ បាន​លើក​យក​ផ្សាយ ​ព្រោះ​នៅ​មាន​មតិ​យោបល់ច្រើន​ជាង​នេះ​ទៀត​ ដែល​សុទ្ធតែ​មិន​អាច​ទទួល​យក​បាន​ចំពោះ​ការ​ធ្វើ​ដូច្នេះ​៕

ប្រភព៖ 8days

Share.